ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាថៅកែក្លឹបកម្សាន្ត លុច្សសារី ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ហួន ទួច អាយុ៤០ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងងឿងឆ្ងល់នោះ បុរសជាម្ចាស់ក្លឹបជាលុច្សសារី ល្បីឈ្មោះមួយទាំងមូល និងមានប្រាក់មិនតិចម៉ឺនដុល្លារទេ បែរជាមានរូបរាងខ្មៅអ៊ូញ ទៅវិញ។


សមត្ថកិច្ច បញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងតាមដីការបង្គាប់របស់ លោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តនៅចំណុចក្លឹប (លុច្សសារី) ផ្ទះលេខ៤២ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩. តាមមាត្រា ៤២ និងមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ នៅរសៀលថ្ងៃដដែល ក្រោយបញ្ចប់ការសាកសួរបន្ថែម ចៅក្រមស៊ើបសួរ លោក កូយ សៅ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ឈ្មោះ ហួន ទួច ដាក់ពន្ធនាគារ ដើម្បីរង់ចាំធ្វើការជំនុំជម្រះនៅពេលក្រោយ។


ក្រោយចាប់ខ្លួនម្ចាស់ក្លឹបនេះ ឯកឧត្តមវិល្លាម មានការងឿងឆ្ងល់ ថា នេះឬថៅកែក្លឹប luxurious ktv ដែលជាម្ចាស់ទីតាំងដែលចែកចាយគ្រឿងញៀនដ៏ធំនោះ ? ម្ដេចក៏សាច់ឈាមខ្មៅម្លេះក្រែងជា យួនកាត់ចិនមែនទេ ហើយរស់នៅបន្ទប់ជួលស្ទឹងមានជ័យ សោះ អាចជាថៅកែក្លឹបមែនឬ ? សូមបំភ្លឺបន្ថែម ចៀសវាងការយល់ច្រលំ ។


សូមបញ្ជាក់ថា ក្លឹបកម្សាន្ត LUXURIOUS មានទីតាំង ស្ថិតតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងក្លិ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនមនុស្សចំនួន៤០៨នាក់ ក្នុងមានជនជាតិចិនប្រុសស្រី ចំនួន១២១នាក់, ជនជាតិខ្មែរប្រុសស្រី ចំនួន២១១នាក់, ជនជាតិវៀតណាមប្រុសស្រី ចំនួន៧០នាក់, ជនជាតិម៉ាឡេស៊ីប្រុសស្រី ចំនួន៥នាក់ និងជនជាតិសឹង្គពួរ ១នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនផងដែរ៕