ភ្នំពេញ ៖ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួងសុខាភិបាល បានចេញលិខិត​​ព្រមាន​ចំពោះ​លោក​វេជ្ជបណ្ឌិត ហម ឡុ​ង ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ឈ្មោះ ហម ឡុ​ង ដែល​មាន​ទីតាំង​ផ្ទះ​លេខ 9BEo ផ្លូវ​លេខ​១៤០ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ទៅ​លើ​ករណី​ដែល​បាន ពិនិត្យ និង​ព្យាបាល​ជំងឺគ្រុនឈាម ដែល​បានអោយ​អ្នកជំងឺ​ដេក​សម្រាក​ព្យាបាល​ចំនួន​ប្រាំបួន​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៥ មិថុនា ២០១៩ ដល់​ថ្ងៃ​ទី​១៤ មិថុនា ដែល​ជា​ករណី​ខុស​ទៅ​នឹង​លិខិតអនុញ្ញាត ដែល​ឲ្យ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ ដែល​ជា​ប្រភេទ​សេវា​មិន​អនុញ្ញាត​ឲ្យ​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​ដេក​សម្រាក​ព្យាបាល​លើស​ពី​២៤​ម៉ោង​ឡើយ ។

ក្រសួងបញ្ជាក់ថា ប្រ​សិន​កើត​មាន​ម្តងទៀត ក្រសួងសុខាភិបាល​នឹង​បិទ​បន្ទប់​ព្យាបាល​ជំងឺ​ឈ្មោះ ហម ឡុ​ង ព្រមទាំង​លោក​វេជ្ជបណ្ឌិត ហម ឡុ​ង ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

លិខិត​ព្រមាន​របស់​ក្រសួងសុខាភិបាល​មាន​ដូច​ខាងក្រោម ៖

សូមជម្រាបផងដែរថា ថ្មី​ៗ​នេះ​មានការ​ចែករំលែក​ពេញ​បណ្តាញ​សង្គម​នូវ​ករណី​មួយ​ដែល​មាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​មាន​បង្ហាញ​ថា ​ភាគី​អ្នកជំងឺ​បាន​ឈ្លោះប្រកែក​គ្នាជាមួយនឹង​ភាគី​គ្រូពេទ្យ មូលហេតុ​តម្លៃ​ព្យាបាល​ជំងឺគ្រុនឈាម​ចំនួន​៩​ថ្ងៃ អស់ថ្លៃ ៥,២០០ដុល្លារអាមេរិក ​។

នៅ​ក្នុង​វិ​ដេ​អូ ​លោក​វេជ្ជបណ្ឌិត បាន​និយាយ​ថា ​កុមារ​ពីរ​នាក់ ​ដែល​មាន​ជំងឺគ្រុនឈាម​ធ្ងន់​ធ្ងន់ មិនមែន​តែ​ម្នាក់​ទេ ហើយ​អាកា​រៈ​វិញ​ គឺ​រហូត​ដល់​ក្អួត​ឈាម​ទៀត ពេល​ដែល​ឪពុក​ម្តាយ​យក​មក​ដល់​ពេទ្យ ម្តាយ​ឪពុក​បាន​ប្រាប់​ថា ​អស់​ប៉ុន្មាន​ឲ្យ​តែ​កូន​ជា! ទើប​លោក​វេជ្ជបណ្ឌិត​ បាន​ប្រើប្រាស់​ថ្នាំកំពូលៗ ដែលមានតម្លៃ​ថ្លៃ​ៗ និង​យកចិត្តទុកដាក់​ខ្ពស់ក្នុងការ​ព្យាបាល​រហូត​ដល់​ជាសះស្បើយទាំង​ពីរ​នាក់ តែ​ដល់​ពេល​គិតលុយ​អស់​​រហូត​ដល់​ទៅ ៥,២០០$ ទើប​ក្រុម​គ្រួសារ​បែរជា​ប្រាប់​ថា ​គ្មាន​លទ្ធភាព ទើបធ្វើ​ឲ្យ​មានជម្លោះ​ប្រកែក​គ្នាឡើង រហូត​បង្ហោះ​វិ​ដេ​អូ​ក្នុង​ហ្វេ​ស​បុក​ ។

កំឡុង​ពេល​ឈ្លោះ​គ្នា ​ក្នុង​វិ​ដេ​អូ ដែល​ឪពុក​កុមារ​ទាំង​ពីរបាន​ថត ក៏​បានឃើញ​ភរិយា​វេជ្ជបណ្ឌិត​បាន​និយាយ​ទៀត​ថា​ ជំងឺ​នេះ បើ​ទៅ​សាំង​ហ្គា​ពួរ ​ក៏​អស់ ២០ទៅ៣០ម៉ឺន​ដុល្លារ​ដែរ​ ។

បន្ទាប់​ពី​ភ្ញាក់ផ្អើល​នៅ​ល់ើ​បណ្តាញ​សង្គម លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក ងី មាន​ហេង បាន​ធ្វើការ Comment នៅ​ក្នុង​ហ្វេ​សបុ​កថា«​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ដោះស្រាយ​រួចរាល់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី១៤ ខែមិថុនា ២០១៩ ចប់​សព្វគ្រប់​នៅ​ម៉ោង ប្រមាណ១៥និង៣០ ។ មាតាបិតា​ក្មេង និង​គ្រូពេទ្យ​បាន​ស្ម័គ្រ​ព្រមព្រៀង​គ្នា​» ។

តាម​រយៈ​កិច្ចសន្យា​ បាន​បង្ហាញ​ថា ក្រោយ​ពី​សម្របសម្រួល ខាង​គ្លីនិក​ព្យាបាល​ជំងឺ ដែល​មាន​វេជ្ជបណ្ឌិត​ឈ្មោះ ហម ឡុ​ង បាន​ធ្វើការ​ព្រមព្រៀង​បង់ថ្លៃ​ព្យាបាល​ត្រឹមតែ ២,០០០$ ប៉ុណ្ណោះ ដោយ​មិន​មានការ​ប្តឹងផ្តល់​គ្នា​ទេ ​៕