ខេត្តកំពត ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ គ្រូស្រៀង មហាព្រហ្ម ដែលគេស្គាល់ថា ជានាយកសាលាបឋមសិក្សាមហាព្រហ្ម ដែលបានបង្ហោះ នូវខ្លឹមសារថា ៖ «នេះឬតម្លៃគ្រូបង្រៀន! សូមបងប្អូនជួយshare ម្នាក់មួយមក នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ) នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ច ឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក» ។


ជុំវិញការលើកឡើងខាងលើនេះ លោកអធិការនគរបាលស្រុកឈូក បានធ្វើសេចក្តីបំភ្លឺថា« កន្លងមកលោកចៅអធិការវត្តមហាព្រហ្ម បានរៀបចំធ្វើពិធីបុណ្យឆ្លងសាលាឆាន់ ដោយមានពុទ្ធបរិស័ទ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សជាអ្នកមូលមតិគ្នាផ្តើមបុណ្យ ។ បន្ទាប់ពីមានការរៀបចំកម្មវិធីបុណ្យនេះឡើង លោកមេភូមិព្រៃពាយ បានធ្វើការស្នើសុំលោកនាយកសាលាបឋមសិក្សាមហាព្រហ្ម ដើម្បីដាក់សិល្បះល្ខោនកម្សាន្ត និងកន្លែងកម្សាន្តផ្សេងៗ នៅក្នុងបរិវេណសាលា ព្រោះបរិវេណវត្ត និងសាលារៀន គឺនៅជាប់គ្នា ហើយលោកនាយកសាលារូបនេះ ក៏បានអនុញ្ញាត ។

លុះមកដល់ម៉ោង ១៧ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ (ជាថ្ងៃបុណ្យឆ្លងសាលាឆាន់ ) ស្រាប់តែលោកនាយកសាលារូបនេះ អះអាងថាការដាក់លក់ដូរ និងដាក់កន្លែងកម្សាន្តសម្រាប់ក្មេងលេងមិនបានសុំអនុញ្ញាតពីគាត់ រួចគាត់ក៏បានមកទាររកសេវាពីប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងកន្លែងកម្សាន្តសម្រាប់ក្មេងលេង ចំនួន១៥ ម៉ឺនរៀល តែពួកគាត់មិនឲ្យ ហើយរូបលោកនាយកសាលាក៏មានការខឹងសម្បា និងបានធ្វើការទាត់បំផ្លិចបំផ្លាញកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្វើការរុះរើរោង និងតូបលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសដោយខ្លួនឯងមិនមានអ្នកណាម្នាក់មកបង្កហិង្សាលើរូបគាត់ឡើយ ។

ក្រោយមកលោក នាយកសាលារូបនេះ បានមករកដុតរោងសិល្បះល្ខោនដែលកំពុងលេងនៅទីនោះទៀត ប៉ុន្តែត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់ និងសម្របសម្រួលគាត់ កុំឲ្យប្រព្រឹត្តបែបនេះទៀត ។ បន្ទាប់មកក៏មានអ្នកមកជម្លៀសគាត់ចេញពីទីនោះតែម្តង ។
សូមបញ្ជាក់ជូនថា: ដើមចមនៃបញ្ហានេះ គឺផ្តើមចេញពីការទារលុយប្រជាពលរដ្ឋដែលដាក់លក់របស់របរនៅទីនោះ ។


បច្ចុប្បន្នជុំវិញបញ្ហាដែលបានកើតឡើងនេះ ប្រជាពលរដ្ឋ លោកមេភូមិ លោកចៅអធិការវត្ត និងលោកតាអាចារ្យវត្តកំពុងដាក់ពាក្យ និងសំណូមពរឲ្យដោះដូរលោកនាយកសាលារូបនេះ ចេញពីសាលារៀនបឋមសិក្សា មហាព្រហ្ម ។ ចំពោះករណីនេះសមត្ថកិច្ចយើងនិងបន្តធ្វើការស្រាវជ្រាវអំពីសកម្មភាពលើកឡើងខាងលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
សូមអរគុណ!»៕