ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៀតហើយ ដែល​ជា​មន្ត្រី​នគរបាល ទៅ​កាន់​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក ។

ជនសង្ស័យ​ម្នាក់​នេះ មានឈ្មោះ ឡេ​ង សុខ​គង់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​២ បម្រើ​ការ​នៅ​អង្គភាព​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​តាមចាប់បាន​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ម្សិលមិញ​នេះ តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់ លោក សេង លាង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

សូម​រម្លឹក​ថា នគរបាល​បានឆ្មក់​​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក (Rock Entertainments) កាលពី​ថ្ងៃ​ទី២៣ ខែមីនា ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង៣០០​នាក់ រឹបអូស​បាន​សារធាតុ​ញៀន​ប្រភេទ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ចំនួន ៥០គីឡូក្រាម។ ចាប់​មនុស្ស១៧នាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្រោយ​ពី​តុលាការ​បាន​ចោទប្រកាន់ ពាក់ព័ន្ធ​គ្រឿងញៀន ក្នុង​នោះ​មាន​លោក​ឧកញ៉ា គិត ធាង ដែល​ជា​ម្ចាស់​ក្លិប​កម្សាន្ត​រ៉ុ​ក ​។ ​ករណី​គ្រឿងញៀន​ជិត៥០​គីឡូក្រាមនេះ ​មិនមែន​តែ​មន្ត្រី​ប៉ូលិស​ម្នាក់​ទេ គឺ​មាន​មនុស្ស​ពាក់ព័ន្ធ​មួយ​ក្រុម​ទៀតពាក់ព័ន្ធ​ ​។

​កាលពីអំឡងខែមីនា ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​មួយ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ប៉ូលិស​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​ប្រមាណ​ជិត ៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក មក​បង្ហាញខ្លួន (​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​) ពីព្រោះ​មាន​ដីកា​តាម​ចាប់ខ្លួន​ហើយ បើ​ទោះបីជា​គេច​ទៅ​ណា​ក៏​ទៅ​មិន​រួច​ដែរ​ ។

ដោយឡែក លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹងថា ​នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន៤នាក់​ថែម​ទៀត ​ដែល​សង្ស័យ​បាន​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​គ្រឿងញៀន ក្នុង​ចំណោម​ជនសង្ស័យជិត២០​នាក់ ​ដែល​នគរបាល​បាន​កំណត់​ជា​មុខសញ្ញា​ថ្មី ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ជា​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​កំពុង​គេចខ្លួន ​។ មន្ត្រី​នគរបាល​ឈ្មោះ ឡេ​ង សុខ​គង់ មាន​តួនាទី​ជា​ប្រធាន​ផ្នែក​អន្ដរាគមន៍​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (ចាប់ខ្លួនបានម្សិលមិញនេះ) ។

លោក ជី​តូ បាន​អះអាង​ផង​ដែរ​ថា ​មន្ត្រី​នគរបាល​ម្នាក់ហ្នឹង ​ធ្វើការ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។ មន្ត្រី​ម្នាក់​ហ្នឹង គឺជា​អ្នក​ទទួល​ការងារ​ផ្នែក​សន្ដិសុខ​ទាំងអស់​នៅ​ក្នុង​ក្លិប​រ៉ុ​ក​ ។

លោក ម៉ក់ ជី​តូ ថ្លែង​ថា​ «​មនុស្ស​ដែល​កំពុង​សង្ស័យ​ខាងលើនេះ ភាគច្រើនពួក​គេ​ជា​អ្នក​រកស៊ី​លក់ដូរ​គ្រឿងញៀន ហើយ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ធម្មតា ប៉ុន្ដែ​យើង​មិន​ទាន់​អាច​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងនោះ​ទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន ​។ មុខសញ្ញា​ជា​ម្ចាស់​គ្រឿងញៀន​ទាំង​ជិត៥០គីឡូក្រាម​នោះ គឺ​ផ្សេង​ៗ​គ្នា ដោយ​មិនមែន​មាន​តែ​មនុស្ស​ម្នាក់​ទេ​»​ ៕