ខេត្តព្រះសីហនុ ៖ ទូកទេសចរណ៍១គ្រឿង ដោយសារតែមានបញ្ហាបច្ចេកទេស បានលិចចូលក្នុងទឹកសមុទ្រ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែធ្វើឲ្យអ្នកជិះនៅលើទូកនោះ មានការភិតភ័យឡើងព្រលឹងចេញស៊ីព្រលិត។


លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទូកទេសចរណ៍ដែលលិចក្នុងសមុទ្រនេះ របស់ក្រុមហ៊ុនដាលី ដួរ ហើយការលិចនោះ ដោយដារលក្ខណៈបច្ចេកទេស មិនពាក់ព័ន្ធដល់បញ្ហាអាកាសធាតុភ្លៀងខ្យល់ នោះទេ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិខ្លះនៅក្នុងទូកនោះ តែមិនមានមនុស្សណាម្នាក់ស្លាប់ឡើយ។


ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ ពិសេស ទូកទេសចរណ៍ និងទូកនេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះរដូវនេះ សម្បូរភ្លៀង ខ្យល់ និងមានរលកធំ ដែលអាចនាំឲ្យអ្នកធ្វើដំណើរតាមសមុទ្រ និងប្រជានេសាទ មានគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់ពេលវេលា៕