ភ្នំពេញ ៖ ស្រ្តីជើងខ្លាំង៣នាក់ បាននាំគ្នាចូលបន្ទប់បង្គន់អនាម័យសាធារណៈនៅមាត់ទន្លេ បែរជានោមនៅក្រៅចានបង្គន់ទៅវិញ ។ លុះពេលនារី ជាអ្នកមើលការបង្គន់កំពុងតែមានផ្ទៃពោះ៣ខែ ប្រាប់កុំឲ្យនោមដាក់ឥដ្ឋការ៉ូ បែរជាខឹងច្រឡោតតោតតូង ហើយហៅបក្ខពួក២នាក់ទៀតមកព្រួតវាយនារីរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស រីឯក្រុមនារីដៃដល់ត្រូវសមត្ថកិច្ច ធ្វើការចាប់ខ្លួននាំទៅចាត់ការតាមផ្លូវច្បាប់។


ហេតុការណ៍ហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទី នៅចំណុចមុខភោជនីយដ្ឋាន យី សាង ផ្លូវព្រះស៊ីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។


ក្រុមនារីដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ទី១/ ឈ្មោះតាំង លីណា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំភូមិ១៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២/ ឈ្មោះជុំ សោភា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ក្នុងភូមិសាមគ្គី សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ទី៣ / ឈ្មោះអុំ កល្យាណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន ។

ចំណែក នារីរងគ្រោះឈ្មោះ សៅ ដេត ភេទស្រី អាយុ៣៦ឆ្នាំ មានផ្ទៃពោះ៣ខែ ជនជាតិខ្មែរ មុខរបរមើលការអនាម័យបង្គន់សាធារណ:មាត់ទន្លេ មានទីលំនៅផ្ទះជួលលេខ០១១H ផ្លូវលេខ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។


ប្រភពសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៥និង០០នាទី ជនរងគ្រោះនៅមើលអនាម័យបង្គន់សាធារណ:មាត់ទន្លេ ពេលនោះ នារីដៃដល់ឈ្មោះតាំង លីណា បានមកចូលបង្គន់ តែពេលចូលហើយ បែរជានោមនៅក្រៅចានបង្គន់អនាម័យ។ ពេលនោះនារីរងគ្រោះបានប្រាប់ថា កុំនោមអ៊ីចឹងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ ស្រាប់នារីដៃដល់មិនព្រមស្តាប់ទេ ថែមទាំងខឹងច្រឡោតជេរប្រមាថមកលើជនរងគ្រោះ ហើយហៅបក្ខពួក២នាក់ទៀត មកព្រួតវាយទៀត បណ្តាលឲ្យនារីរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ បបូរមាត់ស្តាំ និងចំកណ្តាលពោះ រងរបួសយ៉ាងដំណំផងដែរ។


ក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ បានចុះមកអន្តរាគមន៍ឃាត់ខ្លួននារីដៃដល់ទាំង៣នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះដើម្បីចាត់ការតាមច្បាប់។ រីឯនារីរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕