ខេត្ត​ព្រះ​សីហ​នុ​ ៖ បន្ទាប់ពីមានការភ្ញាក់​ផ្អើល​ពី​រូបភាព​ទូក​ទេសចរណ៍​១គ្រឿង បានលិច​ ត្រូវបាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ស្ថិត​ក្នុង​ទីតាំង​កំពង់​ផែ​ជិត ម្លប់​ជ្រៃ​ប៉ោ​កី ទល់មុខ​កាស៊ីណូ​ឃ្វី​ន​កូ សង្កាត់​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​រួចមក នៅរសៀលថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បុគ្គលិកទូកទេសចរណ៍ លិចនៅកំពង់សោម ចេញមុខបកស្រាយការពិតហើយ ។

កញ្ញា នួន ថា​រី ជា​បុគ្គលិក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន«Happy Boat Daily Tour» បាន​បកស្រាយអោយដឹង​​ថា ការ​ពិត​ទូក​ទេសចរណ៍​១គ្រឿង ​គឺលិចមែន លិចតាំងពី​យប់​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែ​ទើបតែ​មាន​អ្នក​ឃើញ​នៅ​ព្រឹកថ្ងៃទី១៧​នេះ ទើបថតបង្ហោះតាមហ្វេសប៊ុក​ ។

កញ្ញា​បញ្ជាក់ថា គ្មាន​ជន​រង​គ្រោះ​ណា​ម្នាក់ ហើយ​ក៏​គ្មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់ ​ស្ថិត​ ក្នុង​ហេតុការណ៍​នេះ​ឡើយ ព្រោះ​ទូក​នេះ​បាន​បញ្ចប់​ដ​ណើ​រ​កម្សាន្ត​ មកដល់ផែវិញនៅ​ម៉ោង៦ល្ងាច ​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៩ ហើយ​ពេល​លិច​គឺនៅ​ម៉ោង៨យប់​ មាន​តែ​បុគ្គលិក​ពីរ​បី​នាក់ ព្រមទាំង​អ្នក​បើកទូក​ម្នាក់​ប៉ុនណោះ ។ រូបភាព​ដែល​បានឃើញ​មាន​កៅអី និងអីវ៉ាន់​មួយ​ចំនួន​លើ​ទូក គឺ​គ្រាន់តែ​រំដោះ​ចេញ​ដើម្បី​សម្រាលទម្ងន់លើ​ទូក ងាយស្រួល​បូមទឹក​ចេញ​ប៉ុនណោះ ហើយពេលទូក​លិច​នោះ​ គឺ​វា​មក​ដល់​មាត់ច្រាំង​ទៅ​ហើយដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ​ណុ​ប បញ្ញា​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ប្រាប់អោយដឹង​ថា ​ហេតុការណ៍​ទូក​ទេសចរណ៍ មួយ​គ្រឿង ​ដែល​លិច​នេះ កើតឡើង​ដោយសារ​លក្ខណៈ​បច្ចេកទេស​ទូក បូក​នឹង​ពេល​មាន​រលក​ខ្លាំង​ ដោយសារ​តែ​រដូវ​នេះ​ជា​រដូវវស្សា​ សំបូរភ្លៀង ខ្យល់​ និង​រលកធំៗ និង​ថា​ ករណី​នេះ ក្រៅពី​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លះ មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ​។​

ទោះជា​យ៉ាងនេះ​ក្តី អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហ​នុ បាន​អំពាវនាវ​អោយ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ពិសេស​ទូក​ទេសចរ​ណ៏​ និង​ទូក​នេសាទ​ បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ​ក្នុង​ករណី​ធាតុអាកាស​មិនល្អ សូមកុំ​ចេញដំណើរ ​៕