ភ្នំពេញ ៖ យុវជនជានិស្សិតបញ្ចប់បរិញ្ញាបត្រនៅប្រទេសញ៉ូហ្សែលែនម្នាក់ បានមាន ស្នេហាជាមួយនឹងនារីស្រស់ស្អាតម្នាក់ តែយុវជនរូបនេះ មានចិត្តប្រចណ្ឌជាមួយនារីជាសង្សារពេក រហូតគិតខ្លីបញ្ចប់ជីវិតខ្លួនឯង តែមុននឹងធ្វើអត្តឃាត យុវជនរូបនេះ បានទូរស័ព្ទប្រាប់ស្រីស្នេហ៍ថា បងចង.កសម្លាប់ខ្លួនហើយ រួចក៏ចង.កសម្លាប់ខ្លួនមែន បណ្តាលឲ្យស្លាប់បានសម្រេចយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។


យុវជនដែលកើតរោគប្រចណ្ឌនឹងស្រីស្នេហ៍ រហូតគិតខ្លីចង.កស្លាប់នេះ មានឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រនៅប្រទេសញ៉ូហ្សែលែន ផ្នែកប្លង់ និងដេគ័រ រស់នៅផ្ទះកើតហេតុខាងលើ ។


ក្រុមគ្រួសារយុវជនរងគ្រោះ បានឲ្យដឹងថា យុវជនរងគ្រោះបានស្រឡាញ់គ្នាជាមួយនារីម្នាក់ឈ្មោះជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អស់រយៈពេល៦ខែមកហើយ តែចំណងស្នេហ៍ពួកគេមិនសូវផ្អែមល្ហែមទេ ព្រោះតែយុវជនរងគ្រោះមានចិត្តប្រចណ្ឌច្រើន។

នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ យុវជនរងគ្រោះបានឈ្លោះគ្នាជាមួយនារីជាសង្សារ ហើយយុវជនរងគ្រោះបានប្រាប់នារីជាសង្សារថា «បងនឹងចង.កសម្លាប់ខ្លួន» ហើយក៏បិទទូរស័ព្ទទៅ។ ពេលនោះ នារីជាសង្សារបានទូរស័ព្ទម្តាយយុវជនរងគ្រោះដែរ តែពេលម្តាយបើកទ្វារបន្ទប់ចូលទៅកូនប្រុសចង.កស្លាប់បាត់ទៅហើយ ក៏ស្រែកផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។


នារីជាសង្សារ ដែលមកកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនរងគ្រោះ មានការប្រចណ្ឌច្រើនពេក ដោយសង្ស័យថា នាងមានចិត្តមិនស្មោះទៅមានអ្នកផ្សេង ហើយទោះបីជានាងព្យាយាមប្រាប់យ៉ាងណា ក៏ជនរងគ្រោះនៅមិនជឿដែរ។ នៅមុនកើតហេតុ យុវជនរងគ្រោះបានទូរស័ព្ទប្រាប់ថា «បងចង.កសម្លាប់ខ្លួនហើយ» រួចក៏បិទទូរស័ព្ទទៅ លុះក្រោយមក នាងបានទទួលដំណឹងថា សង្សាររបស់នាង(ជនរងគ្រោះ) បានចង.ក ស្លាប់បាត់ទៅហើយ ធ្វើឲ្យនាងរន្ធត់ជាពន់ពេក និងសោកស្តាយជាខ្លាំងមិនគួរណាជនរងគ្រោះគិតខ្លីបែបនេះសោះ។


សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍មានករណីមនុស្សចង.ក ធ្វើអត្តឃាតកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះភ្លាមៗ។ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានរកឃើញថា យុវជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ។ សពជនរងគ្រោះសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីក្តុកក្តួលជាទីបំផុត៕