ខេត្តកណ្តាល ៖ សមត្ថកិច្ចចម្រុះមានទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង បានកំពុងឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងការ៉ាអូខេ មួយយីហោ«ម៉ីម៉ី» ដែលកើតមានការ លាយថ្នាំម៉្យាង រួមទាំងប្រើហិង្សាបង្ខំឲ្យផឹក បណ្តាលអោយស្លាប់នារីម្នាក់ និងរបួសបីនាក់ ។
ហេតុការណ៍ចុះឡោមពទ្ធ័ និងឆែកឆេរនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីកើតហេតុនៅវេលាម៉ោង០១និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃដដែលនេះ នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែកខេត្ត
កណ្តាល ។
នារីរងគ្រោះទាំង៤នាក់មានទី១.ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី (ស្លាប់) ។ ទី២.ឈ្មោះសន ស្រីនា ភាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់) ។ ទី៣.ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល) ។ និងទី៤.ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី (អាការស្រាល) ។ អ្នកទាំង០៤នាក់ខាងលើ ស្នាក់ នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ ។
ចំណែកឯ ក្រុមជនសង្ស័យ០៥នាក់ ទី១.ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន) ។ ទី២.ឈ្មោះចន្ត្រា វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរ
បាលច្រកទ្វារអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន) ។
ទី៣.ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វរអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន)។ ទី៤.ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ (ឃាត់ខ្លួន)។ និងទី៥.ឈ្មោះ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន) ។
វត្ថុតាងចាប់យកបានរួមមាន ថ្នាំម្សៅពណ៌សស្រអាប់០១កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី) ។ ដបទឹកសុទ្ធវីតាល់មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី) ។ សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១) ។
ប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី១៦ មិថុនា ២០១៩ ជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេ នៅហាងម៉ីម៉ី បន្ទប់លេខ៧៧៧៧ នៅភូមិក្អមសំណរក្រោម ដោយមានស្រីកំដរ ចំនួន០៤នាក់ (ជនរងគ្រោះខាងលើ) លុះផឹកស៊ីច្រៀងរាំ បានប្រហែលជាកន្លះម៉ោង ឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំ ចំនួន០២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ (ពុំដឹងថ្នាំអ្វី) ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងនិងបញ្ជូនតាមនីតិវិធី ។
នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បើតាមព័ត៌មានក្រៅផ្លូវការណ៍ អោយដឹងថា សម្រាប់ជនសង្ស័យខាងលើនេះ ត្រូវបានសាច់ញាតិរបស់ខ្លួន ដែលជាថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃផងនោះ បាននិងកំពុងជួយអន្តរាគមន៍ រត់ការឲ្យមានការដោះលែងផងដែរ ៕