កាលពី​ថ្ងៃ​ទី​១៦ មិថុនា ​២០១៩ ប្រជាជន​ហុងកុង​ប្រហែល​២​លាន​នាក់ បាន​បន្ដ​ធ្វើ​បាតុកម្ម​យ៉ាង​កក្រើក នៅ​ទីក្រុង​ហុងកុង ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​ច្បាប់​បត្យាប័ន ខណៈ​មេដឹកនាំ​នៃ​ដែនដី​កោះ​មួយ​នេះគឺលោកស្រី ការី ឡាំ បាន​ថ្លែងការណ៍​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុសឆ្គងដែល​«​បាន​នាំ​ដល់​ទំនាស់​និង​ជម្លោះ​ជាច្រើន​» ព្រមទាំង​«​ធ្វើឲ្យ​ពលរដ្ឋ​ហុងកុង​ជាច្រើន​មិន​សប្បាយ​និង​ខកចិត្ត​»​ ប៉ុន្តែ​លោកស្រី​ច្រាន​ចោលការ​ចុះ​ចេញពី​តំណែង​តាមការទាមទាររបស់ក្រុមបាតុករ ​។

បាតុករ​កាន់តែ​ច្រើន​ឡើង បាន​នាំ​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam លុប​ចោល​នូវ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន បញ្ជូន​មនុស្ស​ពី​ដែនដី​កោះ​ហុងកុង​ទៅ​កាន់​ចិនដីគោក និង​ទាមទារ​ឲ្យ​លោកស្រី​ចុះ​ចេញពី​តំណែង​ ។ បាតុកម្ម​នេះ មាន​មនុស្ស​ចូលរួម​ច្រើន​ជាងគេ​បំផុត នៅ​ក្នុង​ប្រវត្តិ​បាតុកម្ម នៅ​ហុងកុង​ដែលបាន​អូស​បន្លាយ​រយៈពេល​១​ស​ប្តា​ហ៍​មក​ហើយ​។

ពួក​អ្នក​រៀបចំ​ការ​ជួបជុំ​នេះ​អះអាង​ថា មនុស្ស​ប្រមាណ​២​លាន​នាក់​បាន​ចេញ​មក​សម្តែង​ការ​ប្រឆាំង​ជំទាស់​របស់​គេ​ ដោយក្រុម​បាតុករ​ខ្លះ ​ធ្វើ​បាតុកម្ម​ទាំង​យប់ ដោយ​ប្រមូលផ្តុំ​គ្នា អង្គុយ​ស្មឹង​ស្មាធិ៍ នៅ​ខាងក្រៅ​អគារ​រដ្ឋសភា នៃ​កោះ​ហុងកុង ​។ តែ​ប៉ូលិស​បាន​ផ្តល់​តួលេខ​ប៉ាន់ស្មាន​ទាប​ជាង​ឆ្ងាយ គឺមាន​ប្រហែល​តែ ៣៣៨,០០០​នាក់ ប៉ុណ្ណោះ ។

​​ពួក​បាតុករនៅតែ​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង និងលុបចោល​ច្បាប់​ ​ធ្វើ​បត្យាប័ន បញ្ជូន​មនុស្ស​ពី​ដែនដី​កោះ​ហុងកុង​ទៅ​កាន់​ចិនដីគោក​នេះ​ចោល​ជា​រៀង​រហូត​និង​សុំទោស​ការ​ដែល​ប៉ូលិស​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ និង​បាញ់កាំភ្លើង​​គ្រាប់​ជ័រដាក់​បាតុករ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ។​

រណសិរ្ស​សិទ្ធិ​ជនស៊ី​វិល ដែល​បាន​រៀបចំ​បាតុកម្ម​នេះ បាន​ប្រកាស​ថា ក្រុម​បាតុករ​នឹង​បន្ត​ធ្វើ​បាតុកម្ម រហូត​ទាល់តែ​ការ​ទាមទារ​របស់​ពួក​គេ បាន​សម្រេច​សម​ដូច​បំណងប្រាថ្នា​ ៕