បរទេស៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បុរសជាជនជាតិចិនម្នាក់ បានទៅផឹកស៊ីជួបជុំមិត្តភក្តិផឹកស៊ីរហូតស្រវឹងធ្លាក់ភ្នែកបាត់បង់ម្ចាស់ការ លុះពេលត្រឡប់មកផ្ទះវិញ រកកូនសោចាក់ចូលផ្ទះមិនឃើញ។ តែយ៉ាងណា នៅយប់នោះ ក្រុមគ្រួសារបានបើកទ្វារឲ្យបុរសរូបនោះចូលផ្ទះដេកជាធម្មតា ។

លុះស្អែកឡើង បុរសរូបនេះ មានអារម្មណ៍ថា ឈឺចុកចាប់នៅក្នុងទ្រូង ហើយក្រុមគ្រួសារបាននាំទៅមន្ទីរពេទ្យ តែអ្វីដែលធ្វើឲ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើលជាខ្លាំង គឺបន្ទាប់ពីឆ្លុះកាំរស្មីរួចហើយ ស្រាប់តែបានឃើញកូនដែលបាត់នៅពេលបុរសនោះស្រវឹងស្រា តាមពិតគេលេបលាក់ទុកនៅក្នុងពោះសោះ។
បុរសដែលត្រូវស្រវឹងស្រាលែងដឹងខ្លួន លេបកូនសោចូលក្នុងពោះនេះ មានឈ្មោះថា Chang អាយុ២៦ឆ្នាំ រស់នៅខេត្តក្វាងទុង ប្រទេសចិន ។


ប្រភពព័ត៌មាន បានរាយការណ៍ថា មុនពេលកើតហេតុ បុរសខាងលើ បានទៅជួបជុំមិត្តភក្តីផឹកស៊ីឡើងស្រវឹងលែងដឹងខ្លួន ហើយបានមកផ្ទះដេកឈឹង លុះពេលភ្ញាក់ដឹងខ្លួន ស្រាប់តែបុរសនោះ មានអារម្មណ៍ឈឺទ្រូងយ៉ាងខ្លាំង ទើបគាត់បានទៅកាន់មន្ទីរពេទ្យ Dongguan ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើល ។ បន្ទាប់ពីថតកាំរស្មី X-ray ក្រុមគ្រូពេទ្យបានដឹងការពិតថា គាត់ឈឺទ្រូងខ្លាំង គឺដោយសារគាត់លេបចូលកូនសោមួយចង្កោមនៅយប់ស្រវឹងថ្ងៃនោះ ។


លោក Chang បាននិយាយថា គាត់មិនចងចាំនូវអ្វីដែលបានកើតឡើងទេ ព្រោះគាត់ស្រវឹងខ្លាំងណាស់ ។ គាត់ពិតជាស្លុតរន្ធត់យ៉ាងខ្លាំង នៅពេលឃើញលទ្ធផល X-ray ហើយក្រុមគ្រូពេទ្យ ក៏ប្រញាប់ពិគ្រោះគ្នាយ៉ាងលឿនរកវិធីយកកូនសោមួយចង្កោមនោះចេញពីក្នុងខ្លួនរបស់គាត់ ។ គ្រូពេទ្យត្រូវការពេលវេលាខ្លះ ដើម្បីវិភាគស្ថានភាពនេះ ប្រសិនទុកកូនសោនោះ ឲ្យគាត់បន្ទោរបង់បញ្ចេញចោលចង្កោមសោនោះតាមទ្វារធំ វាប៉ះទង្គិចរាំងស្ទះពោះវៀន ។ វិធីចុងក្រោយ គឺក្រុមគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីយកកូនសោ១ចង្កោមនោះ ចេញពីក្នុងខ្លួនរបស់គាត់៕