ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន 

ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នាមដើម ប៉ូល ម៉ូនិក អ៊ីស៊ី ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ។ មាតានាមលោកយាយ ប៉ុម ពាង ។ ចំណែកម្តាយរបស់លោកយាយ ប៉ុម ពាង ឈ្មោះអ៊ុក រស់នៅទីក្រុងភ្នំពេញ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់នរោត្តម ដួងច័ក្រ ជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រនរោត្តម និងមានបុត្រាមួយអង្គព្រះនាមនរោត្តម រដ្ឋារ៉ាស៊ី។ បុត្រាអង្គនេះបានក្លាយជាវេជ្ជបណ្ឌិតខ្មែរដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែជាអកុសល ទ្រង់បានសោយទិវង្គតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០ និងមានបុត្រីមួយអង្គទៀត ព្រះនាមនរោត្តម ផៃភ័ក្ត្រ ។ ព្រះនាងបានសោយទិវង្គត នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។

សម្ដេចម៉ែ និងសម្ដេចឪ កាលទសវត្សឆ្នាំ ១៩៦០

ក្រោយពីបានបុត្រា និងបុត្រី២អង្គដូចខាងលើមកនេះមក ព្រះអង្គម្ចាស់នរោត្តម ដួងច័ក្រ និងអ្នកម្នាងអ៊ុក ក៏បានលែងលះគ្នា។ អ្នកម្នាងអ៊ុក ក៏មានប្តីទី២ ម្នាក់ទៀត ឈ្មោះពាង ជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែរ ហើយបង្កើតបានកូនស្រីមួយនៅក្នុងឆ្នាំ១៩០៤ ឈ្មោះប៉ុម ពាង នេះឯង។ ២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩០៦ អ្នកម្នាងអ៊ុក និងលោកពាង បានកូនប្រុសម្នាក់ទៀតឈ្មោះ ហ៊ែល ពាង។

សម្ដេចម៉ែ កាលទសវត្សឆ្នាំ ១៩៦០

នៅក្នុងឆ្នាំ១៩២៣ កញ្ញាប៉ុម ពាង បានរៀបអាពាហ៍ពិពាហ៍ជាមួយកំលោះម្នាក់ឈ្មោះ អ៊ុំ ផាន់កែវ ជាកូនប្រុសរបស់នាយទាហានម្នាក់ពាក់ស័ក្តិ៣ ឈ្មោះ អ៊ុំ ។ 

លោកអ៊ុំ ផានកែវ និងអ្នកស្រីប៉ុម ពាងមានកូនប្រុសស្រីចំនួន៥នាក់ ៖ 

ទី១ ឈ្មោះអ៊ុំ ម៉ាណូរិន ភេទប្រុស កើតនៅឆ្នាំ១៩២៤ មុនរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ គាត់មានតួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការពារលើផ្ទៃប្រទេស។

សម្ដេចម៉ែ និងសម្ដេចឪ ព្រមទាំងបុត្រា សីហមុនី និង នរិន្ទ្រាពង្ស

ទី២ ឈ្មោះអ៊ុំ វីណាវុឌ្ឍ ភេទប្រុស កើតនៅក្នុងឆ្នាំ១៩២៥ ។ ក្រោយមកបានក្លាយជាអ្នកបើកយន្តហោះនៃកងទ័ពអាកាសកម្ពុជា ហើយត្រូវបានកងទ័ពវៀតមិញ សម្លាប់នៅក្នុងឆ្នាំ១៩៤៨ ក្រោយពីបើកយន្តហោះទៅទម្លាក់គ្រាប់បែកលើកងទ័ពវៀតមិញ នៅក្នុងសមរភូមិមួយនៅក្នុងខេត្តកំពត ត្រូវគេបាញ់យន្តហោះនោះធ្លាក់។

ទី៣ ឈ្មោះអ៊ុំ ណារីវ៉ាន់ ភេទស្រី កើតឆ្នាំ១៩២៦។ ស្លាប់នៅក្នុងឆ្នាំ១៩៤៨ ។ 

ទី៤ ឈ្មោះអ៊ុំ សូរ៉ាក់ សាន់ថន ភេទប្រុស កើតនៅឆ្នាំ១៩២៧ និងទី៥ ឈ្មោះអ៊ុំ សុផានិត កើតក្នុងឆ្នាំ១៩២៨។ នាងអ៊ុំ សុផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកអៀវ បណ្ណាការ ជាកូនប្រុសរបស់លោកអៀង កើស ជានាយករដ្ឋមន្ត្រីខ្មែរ ក្នុងឆ្នាំ១៩៤៩ និងក្រោយមក ជាប្រធានរដ្ឋសភាដែលត្រូវគេបង្កៃគ្រាប់បែកធ្វើឃាតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០។

សម្ដេចម៉ែ ពេលយាងទៅប្រទេសចិន កាលទសវត្សឆ្នាំ ១៩៦០

ក្រោយមក អ្នកស្រីប៉ុម ពាង ក៏បានលែងលះគ្នាជាមួយលោកអ៊ុំ ផាន់កែវ ហើយបានទៅយកស្វាមីទី២ ឈ្មោះហ្សង់ ហ្វ្រង់ស៊រ អ៉ីហ្ស៊ី ជាជនជាតិបារាំង សញ្ញាតិអ៊ីតាលី និងជាអ្នកបម្រើការងារនៅធនាគារមួយ នៅឥណ្ឌូចិន។

ក្រោយពីបានគ្នាជាប្តីប្រពន្ធហើយ លោកហ្សង់ ហ្វ្រង់ស៊រ អ៉ីហ្ស៊ី បាននាំអ្នកស្រីប៉ុម ពាង ទៅរស់នៅឯទីក្រុងព្រៃនគរ ដែលនៅទីនោះ អ្នកស្រីប៉ុម ពាង បង្កើតបានកូន២នាក់ទៀត គឺទី១ឈ្មោះ អាន ម៉ារី អ៉ីហ្ស៊ី កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣៤ និងទី២ឈ្មោះ ប៉ូល ម៉ូនិក អ៉ីហ្ស៊ី (អ្នកម្នាងម៉ូនិក) កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។

សម្ដេចម៉ែ កាលទសវត្សឆ្នាំ ១៩៦០

ក្នុងឆ្នាំ១៩៣៩ ពេលកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចូលឈ្លានពានដណ្តើមកាន់កាប់ប្រទេសបារាំង ក្នុងសង្គ្រាមលោកលើកទី២ លោកហ្សង់ ហ្វ្រង់ស៊័រ អ៉ីហ្ស៊ី ត្រូវដែលជាប់កំណែនចូលបម្រើក្នុងជួរកងទ័ពបារាំងនៅឥណ្ឌូចិននោះត្រូវបានបញ្ជូនពីទីក្រុងព្រៃនគរ ជាមួយកងទ័ពកំណែនបារាំង ខ្មែរ វៀតណាម លាវ ជាច្រើនពាន់នាក់ទៀត ដើម្បីទៅវាយបណ្តេញកងទ័ពអាល្លឺម៉ង់ឲ្យចេញពីប្រទេសបារាំងវិញ ។ ពេលនោះ ហ្សង់ ហ្វ្រង់ស៊័រ អ៉ីហ្ស៊ី មានឋានន្តរសក្តិជាអនុសេនីយ៍ទោ ក៏បាត់ខ្លួននៅក្នុងសមរភូមិនៅប្រទេសបារាំង តាំងពីឆ្នាំ១៩៤០រហូតមក។ ឯអ្នកស្រីប៉ុម ពាង ក៏នាំកូនៗទាំង២ វិលត្រលប់មករស់នៅទីក្រុងភ្នំពេញ ជួបជុំកូនៗជាមួយស្វាមីទី១ទាំង៥នាក់របស់គាត់វិញ។

កូនស្រីឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី បានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេតាកដ៏ ហើយបន្តការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញ និងទីក្រុងបារីស ប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត និងបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នៅក្នុងឆ្នាំ១៩៥១។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី និង អ្នកម្ដាង អាន ម៉ារី អ៉ីហ្ស៊ី

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ប្រសូត្រថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩២២ ជាព្រះរាជបុត្រារបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រដ្ឋារី (ប្រសូត្រឆ្នាំ១៨៧៨ សុគត ឆ្នាំ១៩៤៦) និងអ្នកម្នាង ទ្រឿង យឿន។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នេះជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដែលរួមគំនិតជាមួយលោកលន់ នល់ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រដ្ឋារី និងអ្នកម្នាង ទ្រឿង យឿន ជាបិតាមាតា របស់ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និង ទ្រង់ ស៊ីសុវត្ថិ មេថាវី

ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី មកកញ្ញាអាន ម៉ារី អ៊ីហ្ស៊ី បានដូរឈ្មោះមកជាអ្នកម្នាងស៊ីសុវត្ថិ ណាណែត វិញ។ អ្នកម្នាងមានបុត្រ៦អង្គ គឺទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ ប្រសូត្រថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៥២។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ មិនបានចាកចេញពីប្រទេស ទៅរស់នៅជាមួយបិតាស៊ីសុវត្ថិ មេថាវី និងអ្នកម្នាងស៊ីសុវត្ថិ ណាណែត ជាមាតា ដែលបានសម្រេចព្រះទ័យទៅតាមដង្ហែសម្ដេចនរោត្តម សីហនុ នៅក្រុងប៉េកាំង នោះទេ គឺទ្រង់រស់នៅជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាឪពុកធំ និងបានបម្រើការងារជានាយទាហានក្នុងរបបសាធារណរដ្ឋខ្មែរ ។ ក្រោយពីសម្តេចនរោត្តម សីហនុ បានឡើងសោរាជ្យជាព្រះមហាក្សត្រជាថ្មីម្ដងទៀតក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ បានចូលបម្រើការងារជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រ។

លោក អ៊ុំ ម៉ាណូរិន្ទ បងប្រុសម្ដាយតែមួយ ឪពុកទីទៃរបស់សម្ដេចម៉ែ

នៅខែមេសា ឆ្នាំ២០១៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានលាឈប់ពីដំណែងជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ដើម្បីមានឱកាសនៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និងបានឈរឈ្មោះជាបេក្ខជនលំដាប់លេខរៀងទី១ របស់គណបក្សនោះ នៅក្នុងមណ្ឌលខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានសំណាងបានជាប់ឆ្នោតទេ។

ទី២ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថារី និងទី៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សុផាណា ជាបុត្រាភ្លោះ ប្រសូត្រថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤។ 

ទី៤ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ អាម៉ារិនដូ ប្រសូត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦ សុគត ខែឧសភា ឆ្នាំ១៩៩៩។ 

ទី៥ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តាក់កោវិទ ប្រសូត្រថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៧ សុគត ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៦ និងទី៦ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ចិត្រតារា (ចិត្រា) ប្រសូត្រថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥៩។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ធ្លាប់សិក្សានៅសាលាបឋមសិក្សា និងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយបានទៅសិក្សានៅសាលាកងទ័ពនៅប្រទេសបារាំង។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បុត្រាច្បងរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី និង អ្នកម្ដាង អាន ម៉ារី អ៉ីហ្ស៊ី

ពីឆ្នាំ១៩៦០ ដល់១៩៦៧ ទ្រង់ជាសេនានុព័ន្ធយោធានៅស្ថានទូតខ្មែរ ប្រចាំប្រទេសបារាំង។ ឆ្នាំ១៩៦៨ ជាមេបញ្ជាការកងទ័ពជើងអាកាសកម្ពុជា។ ពីខែវិច្ឆិកា ឆ្នាំ១៩៦៨ ដល់ខែមីនា ឆ្នាំ១៩៧០ ជាឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទ្រង់មិនបានត្រឡប់មកចូលរួមជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាព្រះរាម ដើម្បីបង្កើតរបបសាធារណរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ ទ្រង់បានសម្រេចព្រះទ័យទៅរួបរួមជាមួយសម្តេចព្រះនរោត្តម សីហនុ ដែលភៀសព្រះកាយទៅគង់នៅទីក្រុងប៉េកាំង បង្កើតរណសិរ្ស និងរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ។ 

ចាប់ពីខែធ្នូ ឆ្នាំ១៩៧០ ដល់ខែកញ្ញា ឆ្នាំ១៩៧៣ ទ្រង់មានតួនាទីជានាយកខុទ្ធកាល័យសម្តេចនរោត្តម សីហនុ នៅក្រុងប៉េកាំង ។ ពីខែតុលា ឆ្នាំ១៩៧៣ ដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ ជាឯកអគ្គរាជទូតរបស់រដ្ឋាភិបាលរួបរួមជាតិ ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។

ក្រោយថ្ងៃជ័យជម្នះ១៧ ខែមេសា ឆ្នាំ១៩៧៥ ទ្រង់និងក្រុមគ្រួសារ បានដង្ហែសម្តេចព្រះនរោត្តម សីហនុ យាងត្រលប់មកទីក្រុងភ្នំពេញវិញ ហើយត្រូវពួកខ្មែរក្រហមយកទៅសម្លាប់នៅកន្លែងដាច់់ដោយឡែកពីមហេសីរបស់ទ្រង់ គឺអ្នកម្នាងស៊ីសុវត្ថិ ណាណែត នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៨។

សម្ដេចម៉ែ និងសម្ដេចឪ មកជួបមេខ្មែរក្រហម ខៀវ សំផន ហ៊ូ យន់ នៅក្នុងតំបន់រំដោះ ឆ្នាំ ១៩៧៣

ទំនាក់ទំនងសេ្នហារវាងព្រះមហាក្សត្រនរោត្តម សីហនុ និងបវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៥២ ក៏បានក្លាយនៅជាមហេសីដ៏មានឥទ្ធិពលបំផុត រហូតធ្វើឲ្យព្រះអង្គ បញ្ឈប់ការផ្សងព្រេងក្នុងល្បែងស្នេហាជាមួយស្រីផ្សេងៗទៀត ចាប់ពីពេលនោះមក។

ក្រោយពីបានក្លាយជាមហេសីរបស់ព្រះមហាក្សត្រមក អតីតបវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី មានព្រះនាមថា អ្នកម្នាងម៉ូនិក សីហនុ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ អ្នកម្នាងក៏បានប្រសូត្របានបុត្រាមួយព្រះអង្គព្រះនាមនរោត្តម សីហមុនី។

ព្រះរាជកុមារសីហមុនី បានចូលសិក្សានៅសាលាបឋមសិក្សានរោត្តម បន្ទាប់មកនៅវិទ្យាល័យដេកាតដ៏ ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ។ ពីឆ្នាំ១៩៦២ ព្រះបិតាបានបញ្ចូនឲ្យទៅបន្តការសិក្សានៅទីក្រុងប្រាដ ប្រទេសឆេកូស្លូវ៉ាគី ជំនាញផ្នែកតន្ត្រី និងរបាំរហូតដល់ឆ្នាំ១៩៧៥។ ទ្រង់ចេះភាសាបារាំង និងភាសាឆេកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ព្រះអង្គអាចប្រាស្រ័យ ទាក់ទងជាភាសាអង់គ្លេស និងរុស្ស៊ី បានល្អប្រសើរផងដែរ។

សម្ដេចម៉ែ សម្ដេចឪ និងព្រះមហាក្សត្រ នរោត្ដម សីហមុនី

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ អ្នកម្នាងម៉ូនិក ប្រសូត្របានបុត្រាមួយព្រះអង្គទៀត ព្រះនាមនរោត្តម នរិន្ទ្រពង្ស។ នៅវ័យព្រះរាជកុមារ ទ្រង់នរិន្ទ្រពង្សបានចូលសិក្សានៅសាលានរោត្តម និងសាលាដេកាតដ៏ រួចហើយត្រូវព្រះបិតាបញ្ចូនឲ្យទៅរៀនសាកលវិទ្យាល័យនៅទីក្រុងមូស្កូ សហភាពសូវៀត។

ព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស មានជំនឿជឿជាក់លើលិទ្ធិកុម្មុយនិស្ត ដូចពួកមេដឹកនាំខ្មែរក្រហម ដែរ។ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ជាមួយក្រមុំខ្មែរម្នាក់ឈ្នោះឯក ស៊ីនួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៨៣ នៅប្រទេសបារាំង និងមានបុត្រី២អង្គ គឺម្ចាស់ក្សត្រីនរោត្តម ស៊ីម៉ូណារីន ប្រសូត្រនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៨៤ និងម្ចាស់ក្សត្រីនរោត្តម មុនីនុ ប្រសូត្រថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៧៕

បញ្ជាក់៖ រូបថត colorise ខ្លះ និងរូបថតពីប្រភពផ្សេងខ្លះ!