ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់បានកាន់រូបថតកូនស្រីក្នុងទឹកមុខស្រងូតស្រងាត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ១ បន្ទាប់ពីកូនស្រីជិះម៉ូតូមួយគ្រឿងចេញពីផ្ទះបាត់១ថ្ងៃ១យប់គ្មានដំណឹង។

ក្មេងស្រីដែលចេញពីផ្ទះបាត់នោះឈ្មោះ ភ័ណ្ឌ  សុផារា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានឪពុកឈ្មោះ ភ័ណ្ឌ  ផេន អាយុ៤១ឆ្នាំ មុខរបរមេការសំណង់ និងម្តាយឈ្មោះ រួន សារ៉ន អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង៣នាក់ ស្នាក់នៅបន្ទាប់ជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិកោះចេក ឃុំបឹងដោលស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ម៉ូតូដែលកូនស្រីជិះយកទៅនោះម៉ាកស៊ុយស៊ូគីនិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HQ-1708 និងទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង។

បើតាមឳពុកក្មេងស្រីបានឲ្យដឹងថា  នៅវេលាវេលាម៉ោង១និងរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ០១៩ កូនស្រីរបស់គាត់បានសុំលុយម្តាយគេចំនួន៥ដុល្លារទៅលេងផ្ទះមិត្តភក្ដិនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយប្រាប់ម្តាយថាសុំតែ១ម៉ោងទេ ត្រឡប់មកផ្ទះវិញ
ហើយ ។ 

លុះរហូតដល់ម៉ោង២រសៀលដោយមិនឃើញត្រឡប់មកផ្ទះវិញម្តាយក៏បានទូរស័ព្ទទៅលេខកូនស្រីដោយប្រាប់ថាកូនឆាប់ប្រញាប់មកផ្ទះវិញជិតល្ងាចហើយកូនស្រីបានឆ្លើយតបមកម្តាយវិញថាចាំបន្តិចទៀតកូនត្រឡប់ទៅផ្ទះវិញហើយ។

ប្រភពដដែលបានបន្តថា  រហូតដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលម្តាយបានទូរស័ព្ទទៅកូនស្រីម្តងទៀត ស្រាប់តែខលលែងចូល ហើយរូបគាត់និងប្រពន្ធបានជិះម៉ូតូដើររកគ្រប់ច្រកល្ហកតែរកមិនឃើញទើបរូបគាត់និងប្រពន្ធបានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែ១ឲ្យជួយអន្តរាគមន៍៕