ខេត្តកោះកុង ៖  ស្រ្តីជាមន្ត្រីយោធាម្នាក់ បានផឹកស្រាឡើងស្រវឹងជោកជាំរហូតដល់ម៉ោង១០យប់ ទើបដើរចេញពីផ្ទះប្អូនថ្លៃ ហើយក៏បាត់ឈឹង លុះស្អែកឡើង ពេលក្រុមគ្រួសារដើររក ស្រាប់តែប្រទះឃើញសាកសពស្រ្តីខាងស្លាប់អណ្តែតទឹក យ៉ាងអាណោចអាធ័ម ។ 

ហេតុការណ៍នេះ  បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកែងផ្លូវលំ ក្បែរអង្គតែនប៉ុស្តិ៍បាយ័ន្ត ខាងកើតសាលាសង្កាត់ស្ទឹងវែង ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្នុងខេត្តកោះកុង។

ស្រ្តីរងគ្រោះមានឈ្មោះឆេង ណារី អាយុ៥១ឆ្នាំ ជាមន្ត្រីយោធាបម្រើការងារនៅក្រសួងកាពារជាតិ ។ 

ក្រុមគ្រួសារស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១២  ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០ជាងយប់។ ស្រ្តីរងគ្រោះបានផឹកស្រាស្រវឹងជោកជាំខ្លាំង និងដើរចេញពីផ្ទះប្អូនថ្លៃដែលបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តែម្នាក់ឯង  ហើយក៏បាត់ឈឹងមិនដឹងជាទៅណា។  លុះប្រហែលម៉ោង១១ និង៣០នាទីយប់ដដែលប្តីដើររកប្រពន្ធមិនឃើញ ព្រោះមិនឃើញមកផ្ទះ  ព្រមទាំងទាំងដើររកនៅផ្ទះម្តាយខ្លួនទៀត តែរកមិនឃើញ ក៏ដើរត្រឡប់ទៅផ្ទះវិញ លុះដល់ព្រឹកឡើងក៏ដើរកទៀត រហូតដល់វេលាកើតហេតុ ទើបប្រទះឃើញសពប្រពន្ធអណ្តើតក្នុងទឹកកន្លែងកើតហេតុ  បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ជូនសមត្ថកិច្ចអន្តរាគមន៍។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីមានករណីប្រទះឃើញសពអណ្តែតទឹក កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសពស្រ្តីរងគ្រោះ ឃើញថា សាកសព មានស្លាកស្នាម នៅក្បាលប៉ែកខាងក្រោយបែក១កន្លែង ស្នាមបែកគុម្ពត្រចៀក ១កន្លែង និងស្នាមជាំមុខខាងឆ្វេងខ្លាំង ស្នាមរលាត់ក្រោមចង្ការ១កន្លែង គួរឲ្យសង្ស័យ ជាករណីអ្វីផ្សេង ទើបសមត្ថកិច្ច ក៏បាននាំខ្លួនប្តីជនរងគ្រោះ មកសាកសួរបន្ថែមផងដែរ៕