ខេត្តស្វាយរៀង ៖ នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគ​របាល​វរ​ការពារ​ព្រំដែន​លេខ​៦១១ ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រករបៀង​ធ្លក បង្ក្រាប​បទល្មើស​ចាប់​បាន​គ្រឿងញៀន​១៧​គីឡូក្រាម ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ នៅ​ចំណុច​វាលស្រែ​ជិត​បង្គោល​ព្រំដែន​ ស្ថិត​ក្នុងភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

​នៅ​ព្រឹកថ្ងៃ​ទី​១៤ មិថុនា នេះ​ កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ និង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ច្រករបៀង​ធ្លក​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦១១ ​បាន​ចេញ​ល្បាត​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​១៧០/៥ ស្លាប​ខាងឆ្វេង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​បាន​ជួប​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស (​មិន​ស្គាល់​អត្តសញ្ញាណ​)​ដើរ​កាត់​វាលស្រែ​ក្បែរ​ចំការ​ប្រេងខ្យល់ ដោយ​មាន​យួរ​វ៉ា​លី​ធំមួយ ពណ៌​ខ្មៅ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​យើង​បាន​ហៅ​អោយ​ឈប់ ដើម្បី​សួរនាំ ប៉ុន្តែ​ជនសង្ស័យ​បាន​ទម្លាក់​វ៉ា​លី​ទុក​ចោល​នៅ​លើ​ដី ហើយ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ចំការ​ប្រេងខ្យល់ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដេញ​តាម​រុករក តែ​រក​មិនឃើញ​ដោយសារ​យប់​ងងឹត ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ក្រោយមក​សមត្ថកិច្ច​បាន​យក​វ៉ា​លី​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​វ៉ា​លី​ដែល​ជនសង្ស័យ​ទម្លាក់​ចោល គឺ​ឃើញ​មាន​ម្សៅ​ក្រាម ពណ៌​ស ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន (​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​) ចំនួន​១៧​ដុំ ទម្ងន់​១៧​គីឡូក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) ។ សមត្ថកិច្ច​ក៏​បាន​រាយការណ៍​ជូន​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំតាមនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នគរបាល​ការពារ​ព្រំដែន បង្ក្រាប​គ្រឿងញៀន​១៧​គីឡូ ជនសង្ស័យ រត់គេច​ខ្លួន៕