ខេត្តបាត់ដំបង ៖  ប្តីប្រពន្ធ១គូ ក្រោយពីត្រឡប់មកពីប្រទេសថៃវិញ ស្រាប់តែបុរសជាប្តីមានចិត្តប្រចណ្ឌលែងទុកចិត្តស្រ្តីជាប្រពន្ធនិងឈ្លោះប្រកែកគ្នាបែកផ្សែង  រហូតធ្វើឲ្យបុរសជាប្តីផ្ទុះភ្លើងអាឃាតទាញកាំបិតស្ទុះទៅកាប់ប្រពន្ធទាំងកំរោលប៉ងផ្តាច់ជីវិត បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម រួចយកកាំបិតអារ.កសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម។ ករណីឃាតកម្មនេះ បានកើតឡើង  កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី១៣  ខែមិថុនា  ឆ្នាំ២០១៩ នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ 

លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបង  បានឲ្យដឹងថា ជនរងគ្រោះដែលកាប់ប្រពន្ធ រួចអារ.កសម្លាប់ខ្លួនឯង មានឈ្មោះរ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ រីឯស្រ្តីរងគ្រោះជាប្រពន្ធ មានឈ្មោះសុខ លីន អាយុ២៧ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ប្ដីប្រពន្ធជនរងគ្រោះខាងលើ ទើបនាំគ្នាមកពីប្រទេសថៃ  នឹងត្រៀមត្រឡប់ទៅធ្វើការនៅថៃវិញ នៅថ្ងៃទី១៤  ខែមិថុនា។ មុនពេលកើតហេតុ ប្ដីប្រពន្ធពួកគេបានឈ្លោះគ្នាបែកផ្សែងនៅផ្ទះជីដូន ដោយសារបុរសជាប្ដីមានចិត្តប្រចណ្ឌប្រពន្ធ រហូតធ្វើឲ្យប្ដីផ្ទុះភ្លើងកំហឹងស្ទុះទៅទាញកាំបិតមកកាប់ប្រពន្ធប៉ងផ្តាច់ជីវិត ដេកដួលនៅនឹងកន្លែងក្នុងថ្លុកឈាម តែសំណាងល្អមិនស្លាប់។ បន្ទាប់មក បុរសជាប្តីបានរត់ទៅផ្ទះឪពុក ដែលនៅក្បែរនោះ ហើយទាញកូនកាំបិតមកអារ.កសម្លាប់ខ្លួនឯង  ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មក ទើបធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជាប្តីជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕