ព្រះ​សីហ​នុ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នេះឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានប្រតិកម្មយ៉ាងខ្លាំង និង​ថ្លែងថាលោក​មិន​ទទួលយក​បានទេ ចំពោះក្រុមហ៊ុន​ឯកជនមួយ ដែលទទួលជួសជុល​ផ្លូវមួយ​កំណាត់​ពី​ខេត្តកំពត ឆ្ពោះទៅខេត្ត​ព្រះ​សីហ​នុ គ្មាន​គុណភាព និង​ខុស​បច្ចេកទេស​ទៀត ។

សូមជម្រាបថា កំណាត់ផ្លូវ ​ដែល​ត​ភ្ជាប់​ពី​ទីរួមខេត្ត​កំពត ឆ្ពោះទៅ​រង្វង់​មូល​វាល​រេញ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (ផ្លូវជាតិ​លេខ​៣ ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​៤) មាន​ប្រវែង​ជាង​៥៤​គីឡូម៉ែត្រ ត្រូវជួសជុល​ឡើង​វិញ​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូAC ដែល​ត្រូវ​ចំណាយ​ថវិការ​ជួសជុលឲ្យក្រុមហ៊ុន​ឯកជន​មួយ​ ​ប្រមាណ១០​លាន​ដុល្លារ ហើយ​បើ​គិត​ត្រឹម​មកដល់ពេល​នេះ​ ការ​ជួសជុល​សម្រេច​បាន​ប្រមាណ​ជាង៦០​ភាគរយ​ហើយ ប៉ុន្តែ​បែរជា​គ្មាន​គុណភាព ដោយសារ​ផ្លូវ​មាន​ស្នាម​ប្រះ ដក់​ទឹក និង​ជង្ហុកសម្បុកមាន់ ។

ការ​ប្រកាស​មិន​ទទួលយក​នេះ បន្ទាប់ពី ឯកឧត្ដមបានអញ្ជើញ​ពិនិត្យ​​ផ្ទាល់​លើ​ផ្លូវ​មួយ​ខ្សែនេះ អម​ជាមួយនឹង​ប្រតិភូ​មន្ត្រីជំនាញ​ៗ​ជា​ច្រើន​រូប នៅក្រសួង​សាធារណការ និង​វិស័យ​ដឹក​ជញ្ជូន ​។

ឯកឧត្ដម ទេស​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់​ថា ក្រុមហ៊ុន​ឯកជន​បាន​ជួសជុល​ខុស​បច្ចេកទេស ផ្លូវ​កំពុង​ជួសជុល​មិន​ទាន់​រួច​ផង ចាប់ផ្ដើម​ខូច​បណ្ដើរ​ៗ​វិញ​ហើយ ។ ផ្លូវមួយ​ចំណាយ​អស់​ជាង​១០​លាន​ដុល្លារ បែរជា​សុទ្ធតែ​បំណះ ដូច្នេះ​ក្រសួង​ មិន​អាច​ទទួលយក​បាន​នោះ​ទេ ក្រុមហ៊ុន​ជួសជុល​ត្រូវ​តែ​ធ្វើ​ឱ្យ​ល្អ​សារ​ជា​ថ្មី​ឡើង​វិញ ដែល​មាន​ក្នុង​គម្រោង​ជា​ផ្លូវ​កៅស៊ូ​AC​ ។ ហើយ​បើ​នៅ​តែ​គ្មាន​គុណភាព និង​ខុស​បច្ចេកទេស​ទៀត ក្រសួង​នឹង​ដាក់​ក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​បញ្ចប់​ក្រុមហ៊ុន​មួយ​នេះតែម្តង ៕