រាជធានី​ភ្នំពេញ ៖ បទល្មើស​ឆក់​មិន​បាន​ស្ងប់ស្ងាត់​ឡើយ កើត​មាន​ករណី​ឆក់​ស្ទើរ​រាល់ថ្ងៃ ជាក់ស្ដែង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ កំពុង​តែ​ដើរ​ឆ្លងផ្លូវ សំដៅ​ទៅ​រថយន្ត​ខ្លួន ស្រាប់តែ​ក្រុម​ចោរ​បាន​ឆក់​កាបូប​យក​អស់​លុយ​ប្រមាណ​៣,០០០​ដុល្លារ និង​កាំភ្លើងខ្លី​១​ដើម ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​០៤ ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បើ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងថ្នល់​សំដៅ​ទៅ​រក​រថយន្ត ដែល​កំពុង​តែ​ឈប់​ចាំ​នៅ​ផ្លូវ​ម្ខាង​ទៀត​។ ខណៈ​ឆ្លងថ្នល់​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ជិត រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​យក​ទៅ​តែ​ម្តង ក្រុម​ចោរ អាច​មាន​បក្ខពួក​២​ម៉ូតូ ទៅ​៣​ម៉ូតូ ដើម្បី​បិទ​គូទ​ពីក្រោយ ។ តាម​ការ​បញ្ជាក់​ពី​ជន​រង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ចំនួន ៣,០០០​ដុល្លារ និង​កាំភ្លើងខ្លី​មួយ​ដើម​ផង​ដែរ ។

ក្រោយ​កើត​ហេ​តុ្ ជន​រង​គ្រោះ​ដែល​គេ​ដឹង​ថា ជា​មន្ត្រី​អាវុធហត្ថ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ បាន​ដាក់​ពាក្យ​ប្តឹង ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ក្រុម​ចោរ​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕