ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ មិថុនា ២០១៩​នេះ លោក គុ​ជ គឹ​ម​ឡុ​ង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចការ​ចោទប្រកាន់អ្នក​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ក្នុង​ក្លឹ​ប​កម្សាន្ដ «​លុ​ច្ស​សារី​» តាម​មាត្រា​៤០ មាត្រា​៤២ និង​មាត្រា​៤៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ជនល្មើស​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

បទល្មើសដែលត្រូវចោទ ៖ មេការ​ជនជាតិ​វៀតណាម និង​ខ្មែរ​ម្នាក់ ជាប់ចោទ​ពី​បទ ផ្ដល់​ទីតាំង​ឲ្យ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​, ក្រុម​សន្ដិសុខ​ពី​បទ សម្របសម្រួល​បង្ក​លក្ខណៈ​ឲ្យ​ប្រព្រឹត្ត​បទល្មើស គ្រឿងញៀន និង​ក្រុម​អ្នកបម្រើ​សេវា​ក្នុង​ក្លឹ​ប ពី​បទ ផ្សំ​គំនិត​ឲ្យ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ។

ក្រុម​អ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ទាំង​១៧​នាក់ មាន​ជនជាតិ​វៀតណាម​៥​នាក់ និង​ជនជាតិ​ខ្មែរ​១២​នាក់ ។

សូម​រម្លឹក​ថា ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ក្លឹ​ប​កម្សាន្ត «​លុ​ច្ស​សារី​» បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤៖០០​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​ ។ ក្រោយ​ការ​ឆែកឆេរ​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លឹ​ប​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នកលេង​កម្សាន្ត​ប្រមាណ ៤០០​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិបត្តិការ​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ឃាត់​ជនបរទេស​៣១​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​បរទេស​។ ក្រៅពី​នោះ​ជន​ដទៃ​ទៀត ដែល​សេព​គ្រឿងញៀន គឺ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​បន្សាប​គ្រឿងញៀន ៕