ប៉ារីស៖ លោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលកាន់ទង់ជាតិអាមេរិក រត់ឡើងឧទ្ធម្ភាគចក្រ ភៀសខ្លួនចេញពីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥  កងទ័ពខ្មែរក្រហម ជិតចូលមកដល់នោះ លោកបានទទួលមរណភាពហើយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវ័យ៩៣ឆ្នាំ។ នេះបើតាមភរិយា និងកូនរបស់លោកបានបង្ហោះនៅលើអនឡាញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ 

លោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាន់ទង់ជាតិអាមេរិក រត់ឡើងឧទ្ធម្ភាគចក្រ
លោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាន់ទង់ជាតិអាមេរិក រត់ឡើងឧទ្ធម្ភាគចក្រ

ក្នុងបទសម្ភាសន៍ជាមួយកាសែត Associated Press (AP) ក្នុងឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ជាកន្លែងដែលរស់នៅ បន្ទាប់ពីលោកចូលនិវត្តន៍នោះ លោក John Gunther Dean បានថ្លែងថា៖ « នៅពេលដែលកាន់ទង់ជាតិអាមេរិក រត់ឡើងឧទ្ធម្ភាគចក្រ ភៀសខ្លួនចេញពីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥  ខ្ញុំបានបរាជ័យ ខ្ញុំបានព្យាយាមយកមនុស្សរាប់រយនាក់មកជាមួយ តាមដែលខ្ញុំអាចធ្វើទៅបាន  ប៉ុន្តែខ្ញុំមិនអាចយកមនុស្សមួយប្រទេសចេញបាននោះទេ»។ 

ប្រជាជនទីក្រុងភ្នំពេញ នាំគ្នាឈរមើលកងយន្តហោះអាមេរិក ចុះមកយកលោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្ងៃ១២ ខែមេសា ឆ្នាំ១៩៧៥

ជាមួយគ្នានោះ លោកបានថ្លែងអំពីភាពអាម៉ាស់របស់លោកចំពោះអាមេរិក ដែលបានចាកចេញពីកម្ពុជា នៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥   ដោយមិនរក្សាការសន្យាចំពោះកម្ពុជា ថា៖ «យើងបានធានារ៉ាប់រងទទួលខុសត្រូវចំពោះកម្ពុជា តែយើងបានចាកចេញពីកម្ពុជា ដោយមិនបានគោរពការសន្យារបស់យើង។ នោះគឺជារឿងអាក្រក់បំផុត ហើយខ្ញុំស្រក់ទឹកភ្នែក ដោយសារខ្ញុំដឹងអំពីអ្វីនឹងកើតឡើង»។ 

លិខិតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ឆ្លើយតបលោក John Gunther Dean

នៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥   លោក John Gunther Dean ជាអ្នកទទួលខុសត្រូវ ចំពោះការជម្លៀសមន្ត្រីស្ថានទូតអាមេរិកទាំងអស់ ចេញពីក្រុងភ្នំពេញ និងបានព្យាយាមជួយមន្រ្តីជាន់ខ្ពស់កម្ពុជាដទៃៗទៀត ឲ្យចេញផុតពីកងទ័ពខ្មែរក្រហម។ ពិសេស លោកបានសរសេរលិខិតមួយទៅព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដើម្បីឲ្យចាកចេញទៅជាមួយលោក។

តែព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានសរសេរលិខិតមួយតបទៅលោកឯកអគ្គរដ្ឋទូតអាមេរិក John Gunther Dean វិញ ដោយបដិសេធ មិនព្រមចាកចេញ ដោយទ្រង់បានសរសេរថា៖ «ខ្ញុំអរគុណអ្នកដោយស្មោះចំពោះអ្នក ក្នុងការដឹកខ្ញុំទៅកាន់ទីកន្លែងដែលមានសេរីភាព។ តែខ្ញុំមិនអាចចាកចេញក្នុងរបៀបកំសាកបៀបនេះទេ»។ 

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងលោក លន់ នល់

ព្រះអង្គម្ចាស់ សិរិមតៈ បានបន្តថា៖ «ចំពោះអ្នក និងជាពិសេសចំពោះប្រទេសដ៏អស្ចារ្យរបស់អ្នក ខ្ញុំមិនដែលគិតថា អ្នកនឹងបោះបង់ប្រជាជនមួយដែលបានជ្រើសរើសសេរីភាពតាមប្រទេសរបស់អ្នកនោះទេ។ អ្នកមិនបានជួយការពារយើង តាមកាសន្សារបស់អ្នកទែ  ហើយយើងក៍មិនអាចធ្វើអ្វីបាន»។ 

ព្រះអង្គម្ចាស់ សរសេរសង្កត់ធ្ងន់ថា៖ «ខ្ញុំបានប្រព្រឹត្តកំហុសតែគត់ គឺមកពីខ្ញុំជឿជាក់ចំពោះអាមេរិកខ្លាំងពេក »។ 

លោក John Gunther Dean ក្នុងឆ្នាំ ២០១៥ នៅប៉ារីស

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អតីតនាយករដ្ឋមន្រ្តីនៃរបបសាធារណរដ្ឋខ្មែរ ត្រូវបានពួកខ្មែរក្រហមប្រហារជីវិតយ៉ាងសាហាវឃៅរឃៅ ក្រោយពួកគេរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥  ។ 

ជនជាតិអាមេរិក នាំគ្នារត់ឡើងយន្តហោះភៀសខ្លួនពីក្រុងភ្នំពេញ

ក្រោយមកទៀត លោក John Gunther Dean បានក្លាយជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសដាណឺម៉ាក លីបង់ និងប្រទេសថៃ ហើយចុងក្រោយ លោកបានក្លាយជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌា ពីឆ្នាំ ១៩៨៥ ៨៩។ 

កងទ័ពអាមេរិក ដែលមកជម្លៀសលោក John Gunther Dean ត្រូវខ្មែរក្រហម នៅអរិយក្សត្របាញ់កាំភ្លើងធំដាក់

លោក John Gunther Dean កើតនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩២៦ ក្នុងគ្រួសារជនជាតិ Jewish ហើយក្រុមគ្រួសារលោកបានទៅរស់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៣៨ ដើម្បីគេចចេញពីរបបណាហ្ស៊ី។ លោក Dean ដែលចេះនិយាយភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ និងដាណឺម៉ាក ។ លោកមានភរិយាឈ្មោះ Martine ដែលកើតនៅប្រទេសបារាំង និងមានកូន ៣ នាក់៕

កងទ័ពអាមេរិក ពង្រាយគ្នាព័ទជុំវិញកន្លែងយន្តហោះចុះចត