ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូកង់បី( PassApp ) ១គ្រឿង បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកុងតឺន័រ១គ្រឿង កំពុងឆ្លងផ្លូវចំពីចំហៀង បណ្ដាលឲ្យម៉ូតូកង់បី ខ្ទាតប្រមាណជាង២០ម៉ែត្រ ហើយធ្លាក់ចូលប្រឡាយទឹកស្អុយកៀបអ្នកបើកបរស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9143  បានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ  បានបត់ស្ដាំឡើងផ្លូវជាតិលេខ៣  ស្រាប់តែពេលនោះមានម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HO-9175  បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន  ក៏ជ្រុលទៅបុកចំទ្វារថយន្តកុងតឺន័រពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បី ខ្ទាតជាង២០ម៉ែត្រ  ហើយធ្លាក់ចូលប្រឡាយទឹកស្អុយកៀបអ្នកបើកបរស្លាប់នៅនឹងកន្លែង។ ចំណែក អ្នកបើកបររថយន្តកុងតឺន័រ បានព្យាយាមបន្ថែមល្បឿនរត់បានប្រហែល១០០ម៉ែត្រ ក៏ឈប់រថយន្ត រួចចុះគេចខ្លួនបាត់ស្រមោល ។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ធ្វើការវាស់វែងនិងកំណត់ហេតុ យកធម្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។  ចំណែកសពជនរងគ្រោះ  សមត្ថកិច្ចបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកធ្វើបុណ្យ តាមប្រពៃណី៕