ភ្នំពេញ៖ បុរសជាពូម្នាក់កំពុងអង្គុយដាក់គុយទាវហូបសល់ឲ្យឆ្កែស៊ីសុខៗ ស្រាប់តែក្មួយប្រុសពិការជើងជិះរទេះរុញមកដល់ បានយកឈើជ្រុង មកវាយពីក្រោយផ្ទួនៗបីឈើជ្រុង បណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗ។ 

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងអាណន់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ 

ជនរងគ្រោះឈ្មោះ កែម សាវី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរត់ម៉ូតូកង់បី ស្នាក់នៅភូមិត្រពាំងអាណន់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកជនដៃដល់ជាក្មួយឈ្មោះ ហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅផ្ទះកើតហេតុជាប់គ្នា (មានសារធាតុញៀនក្នុងខ្លួន)។ 

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្មួយដែលជាជនដៃដល់ មិនដឹងថា មានទំនាស់ជាមួយគ្នាពីរឿងអ្វីនោះទេ គឺគេគ្រាន់តែដឹងថា ជនដៃដល់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយសព្វថ្ងៃរស់នៅជាមួយម្ដាយ ដោយធ្វើបាបម្ដាយពេក ទើបម្ដាយទៅនៅក្នុងវត្តបួសធ្វើយាយជី ហើយស្រ្តីជាម្ដាយតែងតែយកបាយពីវត្ត មកឲ្យកូនជាជនសង្ស័យហូបរាល់ថ្ងៃ តែជួលកាលកូនរបស់គាត់ មកចាប់ច្របាច់កប្រុងសម្លាប់គាត់ តែបានបងប្អូនឃើញជួយទាន់ក៏មានដែរ។សាក្សីបានឲ្យដឹងបន្តទៀតថា នៅថ្ងៃកើតហេតុ ក្រោយពីជនរងគ្រោះជាពូមកពីរត់ម៉ូតូកង់បី បានទិញគុយទាវមួយចានមកហូបនៅផ្ទះ តែ គាត់ហូបមិនអស់ បានយកទៅដាក់ឲ្យឆ្កែរបស់គាត់ស៊ី ខណ:កំពុងតែអង្គុយដាក់គុយទាវឲ្យឆ្កែរបស់គាត់ស៊ីនោះ ស្រាប់តែជនដៃដល់ជាក្មួយជិះរទេះមកពីក្រោយ កាន់ឈើជ្រុងនៅដៃ មកវាយបំពងពីក្រោយ ផ្ទួនៗបីឈើជ្រុង បណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗ។ 

ក្រោយហេតុ ជនដៃដល់ មិនបានរត់ទៅណាទេ ដោយសាពិការជើងទាំងសងខាង ត្រូវបានបងប្អូនរងគ្រោះ រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកចាប់ខ្លួន និងទាក់ទងទៅជំនាញសមត្ថកិច្ចក្រុងភ្នំពេញ ចុះមកធ្វើកោលសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយក្មួយវាយប្រាកដកមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕