ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩   ក្រោយពីសមត្ថកិច្ចនាំឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស អស់រយៈពេលជាង២ខែ លោកផែង វណ្ណៈ បានសរសេរលិខិតសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនផងដែរ។

យោងតាមលិខិតដែលលោកផែង វណ្ណៈ  សរសេរសុំទោសសម្តេចតេជោ បានរៀបរាប់ថា «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃនៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។

លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថា នឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត»។  ទោះយ៉ាងណា  តើការសុំទោសរបស់លោក ផែង វណ្ណ  នេះ គេនៅមិនដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមអនុគ្រោះ ឬយ៉ាងណានៅឡើយទេ។

គួររំលឹកថា លោកផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោកអ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោកគី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕