ភ្នំពេញ៖ ពិតជារន្ធត់ចិត្តអាណោចអាធ័មណាស់ ខណៈដែលបំណែកសពម្តាយ ត្រូវមិត្តមានគំនិតសត្វតិរិច្ឆាន សម្លាប់រួចកាត់ដៃជើងពន្លះសាច់ជាបំណែកៗ យកទៅបោះចោលក្នុងទឹកទន្លេ ត្រូវបានសមត្ថកិច្ចប្រមូលដាក់ក្នុងកេសស្នោរមួយ ប្រគល់ឲ្យកូនស្រីវ័យ១៧ឆ្នាំម ដែលរស់នៅតែម្តាយនិងកូន គ្មានឪពុកនោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តមួយ។

កូនស្រីវ័យក្មេងនោះ ឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៨ វិទ្យាល័យវត្តភ្នំ រស់នៅម្តុំទួលសង្កែ។ ចំណែកសពស្ដ្រីរងគ្រោះមានឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយ(កូនមួយ) ។ ដោយឡែក ស្ត្រីជាឃាតករឈ្មោះ ទឹម សុផល អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

កូនស្រីឈ្មោះ ពេជ្រ ស៊ាវម៉ី បានរៀបរាប់ថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងបានធ្វើដំណើរទៅផ្ទះមិត្តភក្តិម្នាក់ ដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាជិតស្និទ្ធផងដែរ នៅម្តុំផ្សារកណ្តាល ហើយបាននាំកូនតូចរបស់មិត្តភក្តិជាម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ មកដេកលេងផ្ទះរបស់គាត់នៅទួលសង្កែ ១យប់ ។ លុះដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គេវិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។

ក្រោយមក នាងក៍បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង ។ រហូតដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យតែម្ដង។ 

ចំណែកស្ត្រីជាជនសង្ស័យសារភាពដោយគ្មានតក់ស្លុតអ្វីបន្តិចថា មុនពេលសម្លាប់ជនរងគ្រោះ ខ្លួនបានរៀបគម្រោងផែនការឲ្យស្ត្រីរងគ្រោះមកផ្ទះរបស់ខ្លួន ហើយពេលមកដល់ ខ្លួនបានដាក់ថ្នាំសណ្តំក្នុងទឹកមួយកែវ ឲ្យជនរងគ្រោះផឹក ។ នៅពេលផឹករួច ជនរងគ្រោះសន្លប់ស្ដូកស្ដឹង រួចខ្លួនបានយកទៅថុងក្លាស្សេទឹកកកមួយ ទំហំជិត១ម៉ែត្រ៤ជ្រុង ពណ៌ក្រហម ទុកនៅផ្ទះបាយដើម្បីកុំឲ្យស្អុយ ហើយឆ្លៀតឱកាសស្ងាត់ ខ្លួនបានយកកាំបិតពន្លះយកសាច់ជាដុំៗ កាត់ក្បាល ដៃ ជើង វះពោះ ពុះឆ្អឹងជំនី រួចច្រកដាក់ថង់ប្លាស្ទិកពណ៌ខ្មៅតូចៗជាច្រើនថង់ យកទៅបោះចោលជាបន្តបន្ទាប់នៅមាត់ទន្លេ មុខវត្តឧណ្ណាលោម ធ្វើដូចជាយកសំរាមទៅបោះចោល ដើម្បីបន្លំភ្នែកអ្នកជិតខាងនិងសមត្ថកិច្ចផងដែរ ។ លុះដល់ថ្ងៃទី៩ ខែមិថុនា ២០១៩ ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សព អណ្តែតមកទើរលើច្រាំងទន្លេ បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច តាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង ៕