ភ្នំពេញ ៖ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​យក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៣៧,០០០​ដុល្លារ​អា​មេ​រិ​ក ជូន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ។

នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រុមបាល់ទាត់​កម្ពុជា​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​វិញ​ហើយ ដោយ​មាន​វត្តមាន​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់ ចាំ​ទទួលហើយ​ក៏​បាន​នាំ​យក​ថវិកា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន មក​ប្រគល់​ជូន​ក្រុម​គ្រូបង្វឹក និង​កីឡាករ​ផង​ដែរ ។

ក្រោយទទួល​ជ័យជម្នះ​២​ប្រកួត​ជាប់​ៗ​គ្នា ក្នុង​លទ្ធផល​៤-១
​ទៅ​លើ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន បាន​ធ្វើ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជា ឈ្នះ​កៅអី​មួយ
​ដើម្បី​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ជា​បន្ត​ទៀត
​ដែល​នឹង​ចាប់​ពូ​ល​នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា
​ជាទី​ដែល​ធ្វើ​ម្ចាស់ផ្ទះ FIFA World Cup 2022 តែ​ម្តង​ ៕