ភ្នំពេញ ៖ តំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ជាកូនបុ្រសសម្តេចតេជោ  ត្រូវបានប៉ូលិសធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន៥ម៉ឺនរៀល លើករណីល្មើសច្បាប់ចរាចរណ៍។  តែយ៉ាងណា លោកបានទទួលកំហុស ថែមទាំងបានថ្លែងការអរគុណដល់ប៉ូលិសចរាចរ ដែលបានធ្វើការណែនាំបន្ថែមដល់រូបលោកផងដែរ។

យោងតាមគណនីហេ្វសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី (Mani Hun) បានសរសរសារ  និងថតបង្កាន់ដៃបង់ប្រាក់បង្ហោះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ ថា « មួយសូន្យខុសឲ្យដឹងថាខុស និងទទួលកំហុសអរគុណបងៗ ប៉ូលិសដែលបានធ្វើការណែនាំបន្ថែម»។

យោងតាមបង្កាន់ដៃបង់ប្រាក់ដែលលោក ហ៊ុន ម៉ានី បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ប៉ូលិសចរាចរផាកពិន័យនូវប្រាក់ចំនួន៥ម៉ឺនរៀល   លើករណីល្មើសនឹងមាត្រា៨ នៃអនុក្រឹត្យ លេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ និងមាត្រា៧ នៃអនុក្រឹត្យលេខ៨០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០៕