ខេត្តកែប ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងបុកជាមួយម៉ូតូប៊ីត ក្នុងទិសដៅបញ្ច្រាសគ្នា ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ចន្លោះបង្កោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។

ជនរងគ្រោះឈ្មោះ រូយ ឡុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ អំពេងឃុំអង្កោល ស្រុកដំណាក់ចង្អើរ។

 មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកប៊ីត ពណ៌សលាយក្រហម ស្លាកលេខភ្នំពេញ 1GR-1354 បើកបរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដម៉ាកសាំយ៉ុង ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរពីលិចទៅកើត( បញ្រ្ចាសទិសគ្នា) បានរេចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះមណ្ឌលពងទឹក ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត និងបានបាត់បង់ជីវិតនៅវេលាប្រហែល២ម៉ោងរសៀលថ្ងៃដដែល។ 

ក្រោយពេលកើតហេតុ រថយន្តបង្កមិនស្គាល់ស្លាកលេខ បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកដំណាក់ចង្អើរ៕