ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់ ត្រូវមិត្តភក្តិអូសទាញឲ្យដើរផ្លូវខុស ធ្លាក់ក្នុងរណ្តៅគ្រឿងញៀនដកខ្លួនថយមិនរួច ទោះជាក្រុមគ្រួសារមកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនយ៉ាងណា ក៏មិនបានផលដែរ ហើយចុងក្រោយពេលថ្នាំញៀនធ្វើទុក្ខខ្លាំង នាងពិបាកទ្រាំពេក ក៏ដាច់ចិត្តចង.កស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានក្រុមគ្រួសារប្រទះឃើញសព បង្កឲ្យមានការភ្ញាក់ផ្អើល  នៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩  ភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកឧដុង្គ ។

យុវតីរងគ្រោះដែលចង.កសម្លាប់ខ្លួន មានឈ្មោះ អ៊ុន សុខលី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីឈ្មោះ អ៊ុន អឿន  ភេទប្រុស និងឈ្មោះ អោ វឿន ភេទស្រី ដែលជាឪពុកម្តាយ របស់យុវតីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់(យុវតីរងគ្រោះ) ជាមនុស្សញៀនថ្នាំ។ កន្លងមកពួកគាត់ធ្លាប់យកទៅដាក់មណ្ឌលកែប្រែ តែមិនទទួលបាលផលជាវិជ្ជមានទេ។  មុនពេលកើតហេតុ  គាត់បាននាំកូនចេញពីមណ្ឌលកែប្រែត្រឡប់មកផ្ទះវិញ ដោយសង្ឃឹមថា កូនស្រីគាត់បានផ្តាច់សារធាតុញៀន តែដឹងអី! ពេលពួកគាត់ភ្លេចខ្លួន ស្រាប់តែនាងធ្វើអត្តឃាតដោយយកក្រមាចងភ្ជាប់នឹងធ្នឹមបន្ទប់របស់ខ្លួន បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យប្តីប្រពន្ធពួកគាត់រន្ធត់ចិត្ត និងអាណិតកូនស្រីជាពន់ពេក ព្រមទាំងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយយកក្រមាចងកខ្លួនឯងពិតប្រាដកមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ បន្ទាប់មកសមត្ថកិច្ច បានប្រគល់សពនារីរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕