ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់  ក្រោយពីជួបជុំមិត្តភក្តិផឹកស៊ីសប្បាយអស់ចិត្ត បានបើកម៉ូតូធ្វើដំណើរត្រឡប់ទៅផ្ទះវិញទាំងស្រវឹងធ្លាក់ភ្នែក លុះពេលដល់ពាក់កណ្តាលផ្លូវ ស្រាប់តែបុកជាមួយថ្មពុះចែកផ្លូវ បណ្តាលឲ្យដួលម៉ូតូ ហើយមនុស្សបោកជាមួយថ្នល់រងរបួសធ្ងន់សន្លប់ស្តូកស្តឹង។  ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ១៩៣ កែងនឹងផ្លូវម៉ៅសេងទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះ មានឈ្មោះសេង ចាន់ធារី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា មានស្រុកកំណើត ភូមិធម្មជាតិសម្តេចតេជោ ឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូម៉ាក TODAY ពណ៌ស អត់មានស្លាកលេខ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសខាងលើ  បានជិះម៉ូតូម៉ាក TODAY ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនក្នុងសភាពស្រវឹងស្រា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ជ្រុលទៅបុកនឹងក្បាលនាគ ពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបុរសរូបនោះ ហោះផ្លោងទៅផ្លូវម្ខាងទៀត បែកមាត់សន្លប់ស្តូកស្តឹង។

ក្រោយកើតហេតុ  មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន បានដឹកជនរងគ្រោះយកទៅធ្វើការសង្គ្រោះ  រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់វិញ៕