អបអរសាទរ​! ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​ទៅ​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា (FIFA World Cup 2022) ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​បន្ដ​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ដោយ​លទ្ធផល ២-១ ក្នុង​ជំនួប​ជើង​ទី​២ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កតា នា​រាត្រី​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ។

សរុប​លទ្ធផល ទំង២​ជើង ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ប៉ា​គី​ស្ថាន ៤-១ ​កាលពី​ជើង​ទី​១ កម្ពុជា បាន​យកឈ្នះ​ប៉ា​គី​ស្ថាន ២-០ ក្នុង​ដី​ម្ដង​រួច​មក​ហើយ ។

វគ្គជម្រុះបឋមនៅតំបន់អាស៊ី នៃ FIFA World Cup 2022 បាន​រកឃើញ​ក្រុម​ដែល​ឡើង​បន្ត​ទៅ​វគ្គ​ជម្រុះ​ជុំទី២ (ចែកពូល) ទាំង៦ក្រុម​ហើយ ដែល​ក្នុង​នោះ​មាន​ក្រុម​អាស៊ាន​តែ២ប៉ុណ្ណោះ ខណៈ​ក្រុម​អាស៊ាន ៣ទៀត បានធ្លាក់ហើយ។

ក្រុមមកពីតំបន់អាស៊ានទាំង ២ ដែលឆ្លងផុតទៅជុំបន្ទាប់ គឺ កម្ពុជា និងម៉ាឡេស៊ី ចំណែក​ក្រុម ៣ ដែលធ្លាក់ រួមមាន ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត​។

ក្នុង​ការ​ប្រកួត​ជុំ​ទី​២ មាន​ក្រុម​ទាំងអស់ ៤០ ដោយ​ត្រូវ​បែងចែក​ជា ៨​ពូ​ល ក្នុង​១​ពូ​ល មាន ៥​ក្រុម ដោយ​ធ្វើ​ឡើង​តាម​រូបមន្ត​ប្ដូរ​ទឹកដី ដោយ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល​ជាមួយ​គ្នា ត្រូវ​ប៉ះ​គ្នា​២​ជើង (​ក្នុង​ដី ក្រៅ​ដី​)​។ ការ​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត FIFA World Cup 2022 ៕