រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ឈ្មោះ​ស៊ិ​ន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យ​ជំនះ ខណ្ឌដូនពេញ មានស្រុក​កំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល បាន​សម្លាប់ និង​បាន​កាត់​សាកសព​ជា​បំណែក​ៗ បោះ​ចូល​ទន្លេ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉ា​នាង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ទួល​សង្កែ មានស្រុក​កំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​) ។

ជនសង្ស័យ​មិន​ត្រឹមតែ​ជា​មនុស្ស​ឈាម​ត្រជាក់ សាហាវ ឃោរឃៅ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ជីវិត​ផ្ទាល់ខ្លួន​ជនសង្ស័យ​ក៏​មិនធម្មតា​ដែរ គឺ​មាន​ប្តី​ដល់​ទៅ​៦ (​ប្តី​ទី​១​មានកូន​១ ទី​២​មានកូន​២ ទី​៣​មានកូន​១ ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិ​ខ្មែរ ឯ​ប្តី​ទី​៤​មានកូន​១ ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ទាំង​៣​នាក់​ក្រោយ​នេះ គឺជា​ប្តី​ជនជាតិ​បរទេស​) ។

ស្ត្រី​ជា​ឃាតករ​ឆ្លើយ​សារភាព​អត់​មាន​ភាព​តក់ស្លុត ហើយ​យ៉ាង​ច្បាស់​និង​ក្បោះក្បាយ​ទៀត​ផង​ថា កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៣០​យប់ ជន​រង​គ្រោះ និង​ជនសង្ស័យ​ត្រូវជា​មិត្ត​ភ័ក្ត្រ​និង​គ្នា បាន​ផឹកស៊ី នៅផ្ទះ​ជនសង្ស័យ ។ ក្រោយ​ចប់​ការ​ផឹកស៊ី​ជន​រង​គ្រោះ​បាន​សុំ​យក​កូន​របស់​ជនសង្ស័យ ភេទ​ស្រី អាយុ​០៨​ឆ្នាំ ទៅ​ដេក​ជាមួយ នៅផ្ទះ​របស់​ខ្លួន នៅ​ឯ​ទួល​សង្កែ ដូច​តាម​ទម្លាប់​កន្លង​មក ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩​វេលា​ម៉ោង ប្រមាណ​១០​ព្រឹក ជន​រង​គ្រោះ​បាន​ដឹក​កូន​របស់​ជនសង្ស័យ​យក​មក​អោយ​ដល់​ផ្ទះ​វិញ ហើយ​ជន​រង​គ្រោះ ក៏​បាន​ទារ​លុយ ជនសង្ស័យ ដែល​បាន​ជំពាក់ ចំនួន​700$ តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​350$​ប៉ុណ្ណោះ ហើយ​ជន​រង​គ្រោះ​មិន​ព្រម និង​បាន​គំរាម​ថា បើ​ជនសង្ស័យ​មិន​សង​លុយ​គ្រប់​ទេ គេ​និង​ប្រាប់​ម្ចាស់បំណុល​ផ្សេង​ៗ​អោយ​ស្គាល់​ផ្ទះ​ដើម្បី​ទារ​លុយ​ព្រម​ៗ​គ្នា (​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​) និយាយ​ចប់​ជន​រង​គ្រោះ​ក៏​ដើរ​ចូល​បន្ទប់ទឹក ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ដើរ តាម​ក្រោយ យកដៃ​ស្តាំ​ច្របាច់ក ជន​រង​គ្រោះ ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​អោយ​ថប់ដង្ហើម រហូត​ដល់​ជន​រង​គ្រោះ​សន្លប់ បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រ​ម៉ា រឹក​មាត់ ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់​ចូល​ទូរ​ក្លា​ស្សេ​អោយ​កក រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូន​ៗ​មិន​នៅផ្ទះ ជនសង្ស័យ​បាន​ដាក់​ថ្នាំង​ង៉ុ​យ​ដេក​ក្នុង​ទឹកតែ ឲ្យ​ប្តី​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើង​ទៅ​ដេក​លក់​ស្ងាត់ ឃើញ​ឱកាសល្អ ទើប​ជនសង្ស័យ យក​កាំបិត​មក កាត់​សាកសព ជន​រង​គ្រោះជា​បំណែក​ៗ (​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យក​ទៅ​បោះចោល​មួយ​ថ្ងៃ​បន្តិច​ៗ នៅ​តាម​គំនរ​សំរាម​និង​នៅ​ក្នុង​ទន្លេ ។ រីឯ​គ្រឿងអលង្កា​និង​ទូរស័ព្ទ បោះចោល​ក្នុង​ទន្លេ​និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាឡោម ដោយឡែក​លុយ​របស់​ជន​រង​គ្រោះ​(​លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ​50$) ជនសង្ស័យ​រក្សារ​ទុក​នៅ​ខ្លួន ។

ព្រម​ជាមួយ​គ្នា​ផង​ដែរ និយាយ​ពី​គ្រួសារ​ជន​រង​គ្រោះ ក្រោយ​ពេល​បាត់​ជន​រង​គ្រោះ​មួយ​ថ្ងៃ កូនស្រី​ម្នាក់ បាន​កាន់​រូបថត​ម្តាយ ដើរ​សួរ​គេឯង​តាម​ផ្លូវ​ទាំង​យប់ ជា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​អំពាវនាវ​សុំ​ឲ្យ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ រក​ម្តាយ​ខ្លួន​ផង បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គេឯង ចាប់អារម្មណ៍ អាណិតអាសូរ​គ្រប់​គ្នា ។

ដំណឹង​សួរ​រក​ម្តាយ​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​រក ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ផង​ដែរ រហូត​យប់​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថោ​ង ពិសិដ្ឋ ផ្ទាល់ ដែល​ជា​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈាន​ទៅ បំបែកសំណុំរឿង ជាក់ច្បាស់ ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ រហូត​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស ដូច​បាន​រៀបរាប់​ខាងលើ ថា​ខ្លួន​គឺជា​ឃាតករ​ពិតប្រាកដ​មែន ។

គិត​មក​ទល់​ថ្ងៃ​ទី​១២ មិថុនា ២០១៩​នេះ សព​ស្ត្រី​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត «​ពោធិ​វ័​ន្ត​» ស្ថិត​ខាងក្រោយ​ទីលាន​វាយ​កូន​ហ្គោ​ល​«​ទំនប់​កប់​ស្រូវ​» ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕