ខេត្តតាកែវ៖ រថយន្ត១គ្រឿង បានបើកបរបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅស្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុគួរឲ្យរន្ធត់ជាទីបំផុត និងម្នាក់ទៀតរងរបួស។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦ និង១៥នាទីយប់ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបង្កម៉ាកតូយ៉ូតា ហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2257 (អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងកើត បោះពួយយ៉ាងលឿន ។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក S L ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-8940 បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាកក់ ខេត្តតាកែវ មុខរបរជាងជួសជុលម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ លី ណន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ ជាអ្នករួមដំណើរជាមួយ (រងរបួសធ្ងន់)។ ចំណែក រថយន្តបង្កបានផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹងដែក។

ក្រោយកើតហេតុ សមត្ថកិច្ច បានសមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ទើបធ្វើការវាស់យកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ចំណែក សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕