រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​សមត្ថកិច្ច​ចរាចរណ៍​ជើង​គោក​ម្នាក់ បាន​យក​ប្រាក់​ដោយ​មិន​បាន​ចេញ​បង្កាន់ដៃ​ត្រឹមត្រូវ ត្រូវ​គណនី​មួយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ធ្វើ​ឲ្យ​មហាជន​រិះគន់​គ្រប់​គ្នា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ការងារ​មន្ត្រី​ប៉ូលិស​រូប​នោះ ជា​បណ្តោះអាសន្ន​ហើយ ។

មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​ថ្នាក់លើ​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ មានឈ្មោះ ស៊ី​ម ប៊ុ​ន​ធឿ​ន អត្តលេខ​៦៥៤៣៣ ឋានៈ​នាយ​រង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការដ្ឋាន​ខណ្ឌមានជ័យ ។

នៅ​ក្នុង​លិខិត​របស់​លោក​ឧត្តមសេនីយ៍ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្ដ្រី​នគរបាល​រូប​នេះ ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការ​សម្រេច​ជា​ថ្មី ។ យោង​តាម​លិខិត​បង្គាប់ការ បាន​សម្រេច ដូច​ខាងក្រោម ៖

ប្រការ​១ ៖ ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​លោក​ឧត្តមសេនីយ៍ឯក ស៊ី​ម ប៊ុ​ន​ធឿ​ន ឋានៈ​នាយ​រង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការដ្ឋាន​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ “​ផាកពិន័យ​មិន​ត្រឹមត្រូវ​មិន​ចេញ​បង្កាន់ដៃ​តាម​ការ​កំណត់​” ។

ប្រការ​២ ៖ សាមីខ្លួន​ត្រូវ​មក​បង្ហាញខ្លួន​នៅ​ការិយាល័យ​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការ​សម្រេច​ចិត្តជា​ថ្មី ។

ប្រការ​៣ ៖ លោកស្នងការ​រង​ទទួល​ផែនការ​សេនាធិការ លោកស្នងការ​រង​ទទួល​ផែនការ​ធនធានមនុស្ស លោកនាយ​ការិយាល័យ​បុគ្គលិក លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​លោក​អនុសេនីយ៍ឯក ស៊ី​ម ប៊ុ​ន​ធឿ​ន ត្រូវ​អនុវត្ត​លិខិត​បង្គាប់ការ​នេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​យោង​តាម​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ Stoner Meme បាន​សរសេរ​សារ​បង្ហោះ​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​វី​ដេ​អូ​មួយ​ផង​ដែរ ដោយ​បញ្ជាក់​អំពី​សកម្មភាព​ផាកពិន័យ​របស់​មន្ត្រី​ប៉ូ​លី​ស​ចរាចរណ៍ ។

ក្នុង​នោះ​ម្ចាស់​គណនី​ខាងលើ​បាន​សរសេរ​ថា «​តើ​គួរ​ទុក​ទៀត​ទេ ប៉ូ​លី​ស​ដាក់​ប៉ា​រាស់​ផាក​មិន​ចេញ​វិក្កយបត្រ យក​លុយ​ឆៅ​ឆៅ រាល់ថ្ងៃ ? ហើយ​និយាយ​សុទ្ធតែ​គ្មាន​លុយ​មិនបាច់​និយាយ​ជាមួយ​ពួក​គាត់​ទេ
នេះ​ហើយ​ប៉ូ​លី​ស​ស្រុក​ខ្មែរ គ្នា​អ្នកខ្លះ​អត់​លុយ សុំ​ចុះថ្លៃ​តិចតួច​ក៏​អត់​បាន​ដែរ ដាច់ខាត អត់​មួក ១៥,០០០​រៀល អត់​កញ្ចក់ ២៥,០០០​រៀល បើ​ដាក់ កញ្ចក់​ខុស ១០​ម៉ឺន មិនបាច់​តវា តវា​ច្រើន​លើក​ឡើង​ឡាន ហើយ​គំរាម​អត់​សរសេរ​វិក្កយបត្រ​អោយ​ទៀត ប៉ូលិស​ថា បើ​អត់​មាន​អា​នឹង​អ្ហែង​យក​ម៉ូតូ​អត់​បាន
តើ​គួរ​មាន​វិធានការ​អ្វី​អត់ បើ​ថត​បាន​ស្រស់​ៗ​ប៉ុ​ណ្នឹ​ង​ហើយ ? បើ​ទុក​អ​ញ្ចឹ​ង​ត​ទៀត​អស់ជំនឿ​លើ​ច្បាប់​ហើយ
(​ដាក់​ប៉ា​រាស់​ចាប់​មុខ​វត្ត​មុន្នី​ជិត​ផ្សា​ស្ទឹង​មាន​ជ័យ​ថ្មី​រាល់ថ្ងៃ​) ស៊ែរ​មួយ ដើម្បី​លុប​បំ​អំពើ​ពុក​រលួយ​» ។

ដោយឡែក​ក៏​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដែល​ធ្លាប់​ត្រូវ​បាន​លោក​ប៉ូលិស​ផាកពិន័យ​មិន​ចេញ​វិក្កយបត្រ​ដូច​គ្នា​នឹង​ដែរ ក៏​ប្រាប់​អោយ​ដឹង​ថា មិនមែន​មាន​តែ​ប៉ូលិស​ខណ្ឌមានជ័យ​មួយ​រូប​នឹង​ទេ ខណ្ឌ​ផ្សេង​ទៀត​ក៏​មាន​ករណី​ដូច្នឹង​ដែរ ៕