រាជធានី​ភ្នំពេញ ៖ ករណី​ភ្ញាក់ផ្អើល​ពាក់ព័ន្ធ​ក្មេង​ស្រី​ម្នាក់ ដើរ​រក​ម្តាយ​ទាំង​យប់​ពេញ​ក្រុងភ្នំពេញ ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ​បំបែកសំណុំរឿង​បាន​ហើយ គឺ​ឃាតកម្ម មិត្តភក្តិ​សម្លាប់​មិត្តភក្តិ ។

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ថា ប៉េ​អឹ​ម​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ិ​ន សុផល អាយុ​៣៥​ឆ្នាំ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដ៏​រន្ធត់​នេះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ កម្លាំង​ជំនាញ​ប៉េ​អឹ​ម​បាន​នាំ​ខ្លួន​ស្ត្រីជន​សង្ស័យ​ទៅ​ផ្ទះ​ដើម្បី​ឆេ​ក​ឆេរ​រក​វត្ថុ​តាង ។

ករណី​នេះ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាក់​ថា គឺជា​ករណី​ឃាតកម្ម ដែល​ឃាតករ​គឺជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តាំងពី​យប់មិញ​។ ឃាតករ​បាន​សម្លាប់​ជន​រង​គ្រោះ យ៉ាង​សាហាវឃោរឃៅ​បំផុត ដោយ​យក​កាំបិត កាត់​សាកសព ជា​បំណែក​ៗ (​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ ម្តង​បន្តិច​ៗ យក​ទៅ​បោះចោល​នៅ​ច្រាំង​ទន្លេ ផ្លូវ​ស៊ី​សុ​វ​ត្តិ ដើម្បី​បំបាត់ដាន ។

សូម​រម្លឹក​ថា ស្ដ្រី​រង​គ្រោះជា​ម្តាយ​ឈ្មោះ គឹ​ម យ៉ា​ទាង អាយុ​៤០​ឆ្នាំ បាន​បាត់​ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

កូនស្រី​របស់​ស្ត្រី​ដែល​បាត់​ខ្លួន​បាន​រៀបរាប់​តាម​រយៈ​បណ្តាញហ្វេសប៊ុក កាលពី​ស​ប្តា​ហ៍​មុន​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយ​របស់​គាត់​បាន​ទៅ​ផ្ទះ​មិត្តភក្តិ (​ម្តុំ​ផ្សារ​កណ្តាល​) ជា​ផ្ទះ​ដែល​ជំពាក់​លុយ​គាត់ និង​មានការ​រាប់អាន​គ្នា​ផង ក៏​បាន​នាំ​កូន​តូច​របស់​ម្ចាស់ផ្ទះ​នោះ អាយុ​ប្រហែល​៧​ឆ្នាំ ទៅ​ដេក​ផ្ទះ​របស់​គាត់​នៅ​ទួល​សង្កែ​១​យប់ ។

រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយ​របស់​នាង​យក​ម៉ូតូ​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១៩០៥ (​មិន​ចាំ​ពីមុខ​អក្សរ​) ដឹក​កូន​តូច​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ ហើយ​ក៏​បាត់​រហូត​តែ​ម្តង ដោយ​អំឡុង​ពេល​បាត់​ខ្លួន​ទៅ​នោះ ម្តាយ​នាង​មាន​លុយ​មួយ​ចំនួន និង​គ្រឿងអលង្ការ​ជាប់​ខ្លួន​ផង​ដែរ​។

តាម​សម្តី​កូន​តូច​នោះ​បាន​ប្រាប់​ថា ពេល​ដែល​ដាក់​រូបគេ​ចុះ​ហើយ អ៊ំ​ស្រី (​ស្ត្រី​ដែល​បាត់​ខ្លួន​) ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ​។

ក្រោយ​ពី​កើតហេតុ កូនស្រី​របស់​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​រក​ម្តាយ​របស់​នាង ត្រឡប់​មក​វិញ​ផង​។ ជាមួយ​នេះ​កូនស្រី​រូប​នេះ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា ដែល​ប្រទះ​ឃើញ ឬ​ក៏​ស្គាល់​ម្តាយ​របស់​នាង ដែល​មាន​ភិនភាគ​ដូច​ក្នុង​រូបថត សូម​ជួយ​ផ្តល់​ដំណឹង​ឱ្យ​នាង​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ៕