ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​ឡើង​ថា អ្នក​ដែល​ជិះឡាន ហើយ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ភាគច្រើន គឺជា​អ្នកធំ ។

សម្តេច​ក្រឡាហោម ស ខេ​ង ថ្លែង​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​កម្មវិធី​ប្រារព្ធ ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ដែល​ធ្វើ​ឡើង​នៅ ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ពិធី​នេះ​មាន​អ្នកចូលរួម​ជាង​៤,០០០​នាក់ ។

សម្តេច​លើកយក​ករណី​អភិបាលខេត្ត​ក្រចេះ លោក ខាំ ភឿន និង​អភិបាល​ខេត្តបន្ទាយមានជ័យ លោក ទ្រី ណា​រិ​ន ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ដល់​បាត់​បង់ជីវិត ដោយសារ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ។

សម្តេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​ថា ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព គឺ​ជួយ​បាន​៨០% នៅ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​នៅ​ពេល​ជិះ​រថយន្ត​ទាំង​អ្នកបើកបរ ទាំង​អ្នក​ជិះ​ជាមួយ​(​ជិះ​ខាងក្រោយ​) ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ទាំងអស់​គ្នា ។

ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ប្រើ ប្រាស់​ផ្លូវ​ឲ្យ​យកចិត្តទុកដាក់ លើ​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​នៅ​កំរិត​ទាប និង​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​ហានិភ័យ បណ្តាល​មក​ពី​បើកបរ​ហួស​ល្បឿន​កំណត់​, ស្រវឹង​បើកបរ​, ការ​មិន​ពាក់មួក​សុវត្ថិភាព និង​មិន​ពាក់​ខ្សែក្រវាត់​ជាដើម និង​ក្នុង​គោលបំណង ឈាន​ទៅ​រួម​គ្នា​លុប​បំបាត់​ភាព​អនាធិបតេយ្យ នៃ​ការ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់ ឲ្យ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ៕