ភ្នំពេញ ៖ វេលាយប់ មន្ត្រីក្រឡាបញ្ជីនៅសាលាដំបូងរាជធានីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូ PCX មួយគ្រឿង ពេលឃើញផ្លូវកកស្ទះចរាចរណ៍ខ្លាំង លោកក៏មានចិត្តឈប់ម៉ូតូចុះទៅជួយសម្រួលចរាចរណ៍បញ្ចៀសកុំឲ្យស្ទះ ស្របពេលនោះដែរមានបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បើករថយន្តមួយគ្រឿងម៉ាក TACOMA ចុះមកសម្លុតថា «អ្ហែងចេះស្អី?» រួចក៏រុញម៉ូតូលោកក្រឡាបញ្ជីឲ្យដួល ទើបឈានដល់កើតមានការឈ្លោះប្រកែកគ្នា ផ្អើលដល់ប្រជាពលរដ្ឋចេញមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ ផ្លូវបេតុងគ្មានលេខ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យ៉ាងណាអត្តសញ្ញាណអ្នកទាំង២ ក្រុមអ្នកសារព័ត៌មាននៅទាន់ស្គាល់នៅឡើយទេ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ទំនងជាស្រវឹងស្រា ជោកជាំ បានបើករថយន្តមួយគ្រឿង ប្រភេទមួយបាំងកន្លះ ម៉ាក TOYOTA TACOMA ពណ៍ស បិតពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-5737 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្រោយវត្តស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿង ទៀត (មិនចាំម៉ាក) បានបើកចេញមក ហើយឃើញបុរសម្នាក់ ជិះម៉ូតូ PCX មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GR-1659 មកឈប់ម៉ូតូអែបពីក្រោយ រួចចុះដើរទៅជួយបញ្ចៀសឲ្យបើកទៅផុត កុំអោយទើសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បើករថយន្ត TACOMA មួយគ្រឿងទៀត បែរជាខឹងមិនបានទៅមុន ទើបឈប់រថយន្ត ហើយចុះមក សម្លុតថា «អ្ហែងចេះស្អី?» រួចក៏រុញម៉ូតូ PCX នោះឲ្យដួល ទើបឈានដល់កើតមានការឈ្លោះប្រកែកគ្នាឡើង បង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ ទើបនាំគ្នាបើកទ្វារចេញមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកជួយអន្តរាគមន៍ ទាំងយប់ ។
ក្រោយមកគេឃើញ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកកន្លែងកើតហេតុ ហើយបានសួរនាំភាគីទាំងសងខាង និងបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង នៅតែប្រកែកគ្នា ដោយម្ខាងអាងខ្លួន ជាក្រឡាបញ្ជីនៅសាលាដំបូងរាជធានី និងម្ខាងអាងមានខ្នងធំ ទើបឡាំប៉ាមិនសុខចិត្តរៀងៗខ្លួន បង្កការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង រហូតមានក្រុមអ្នកសារព័ត៌មានជាច្រើននាក់មកដល់បន្តបន្ទាប់គ្នា ហើយបានសួរនាំឲ្យភាគីខាង ម្ចាស់ម៉ូតូ រៀបរាប់ប្រាប់ ពីដំណើររឿងហេតុ បានដឹងហើយ ក៏នាំគ្នាទៅធ្វើការសាកសួរ បុរសដែលទំនងស្រវឹងស្រា ជាអ្នកបើករថយន្ត TACOMA នោះ តែបុរសនោះ ប្រាប់តែមួយម៉ាត់ពីម៉ាត់ ហើយព្យាយាមដើរគេចចេញ ។
ប្រភពបន្តថា ភ្លាមនោះ បុរសដែលស្រវឹងស្រានោះ ដើរត្រលប់មកវិញ រួចឡើងបញ្ឆេះរថយន្ត ទោះជាសមត្ថកិច្ចព្យាយាមរារាំងឃាត់រថយន្តដែរ តែបុរសនោះមិនខ្វល់ឡើយ បានជាន់ហ្គែរបើករថយន្តចេញទៅ កៀរទាំងសមត្ថកិច្ចនគរបាលដែលកំពុងរារាំងនោះបើកចេញទៅលឿនស្លេវតែម្ដង ។ ភ្លាមនោះក៏មានក្រុមអ្នកយកព័ត៌មានចេញម៉ូតូជិះប្រដេញតាមពីក្រោយដែរ តែដោយសារតែមិនសូវស្គាល់ផ្លូវក្នុងភូមិសាស្ត្រនោះច្បាស់ ទើបរថយន្តបើកទៅបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ បុរសវ័យចំណាស់ដែលអះអាងថាខ្លួន ជាក្រឡាបញ្ជី នៅសាលាតំបូងរាជធានីភ្នំពេញ បានប្រាប់ថា លោកនិងយកវិដេអូ សកម្មភាព នៅក្នុងកាមេរ៉ាសុវត្ថិភាព (Go Pro) ដែលភ្ជាប់លើមួកសុវត្ថិភាពរបស់លោក យកមករៀបចំជាឯកសារ ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ៕