ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ជា​ផ្លូវការ​ហើយ លើ​ស្ត្រី​ខ្មានកាំភ្លើង មានឈ្មោះ ផា​ន ស្រី​លី​ន អាយុ​២៩​ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ។

ក្រោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ សំណុំរឿង​នេះ នឹង​ត្រូវ​បន្ត​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​លើ​វាសនា​ជន​ត្រូវ​ចោទ​រូប​នេះ​ថា តើ​ត្រូវ​ឃុំខ្លួន​រឺ​យ៉ាងណា ?

ម្សិលមិញ​នេះ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ឈ្មោះ ផា​ន ស្រី​លី​ន អាយុ​២៩​ឆ្នាំ រួម​ទាំង​វត្ថុ​តាង​អាវុធ​ខ្លី ទៅ​តុលាការ​ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ពាក់​ព​ន្ធ័​ករណី​បាញ់​ចំនួន​២​គ្រាប់ នៅ​ក្នុង​វត្ត​សា​រ៉ា​វ័​ន្ត ស្ថិត​ក្នុង​កុដិ​លេខ​២៣ ។

សូម​ជម្រាប​ថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​វត្ត​សា​រ៉ា​វ័​ន្ត ក្នុង​កុ​ដ​លេខ​២៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​បន្ទាប់​មក​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​២​គ្រាប់​ក្នុង​វត្ត​សា​រ៉ាវ​ន្ត័ ហើយ​ដើមចម បណ្តាល​ឲ្យ​ស្ត្រី​ដក​កាំភ្លើង​បាញ់​មេឃ គឺ​ដោយសារ​តែ​ខឹង​និង​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ស៊ូ ពិសិដ្ឋ អាយុ​៣២​វស្សា ជា​សង្ឃ​គង់នៅ​វត្ត​សា​រ៉ា​វ័​ន្ត កុ​ដ្ឋ​លេខ​២៣ ដោយ​នាង​ចោទ​ថា​ដាក់​អំពើ​ឲ្យ​ប្តី​ឲ្យ​ធ្លាក់ខ្លួន​ឈឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ផា​ន ស្រី​លី​ន មានស្រុក​កំណើត​នៅ​ខេត្តកណ្ដាល និង​មាន​ប្ដី​ជា​ជនជាតិ បរទេស​ធ្វើការ​នៅ​ប្រទេស​ថៃ ។

សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា ដើម​ចង​ដែល​ធ្វើ​ឲ្យ ស្ត្រី​ខាងលើ​ដក​កាំភ្លើង​បាញ់​មេឃ​ក្នុង​វត្ដ​សា​រ៉ាវ​ន្ត័ គឺ កាល​២​ឆ្នាំ​មុន​ស្ដ្រី​ខាងលើ​រួម​ជាមួយ នឹង​ស្វា​ម៉ី បាន​ទៅ​រក​លោក​(​ព្រះសង្ឃ​) ដើម្បី​សូត្រ​មន្ត​លើករាសី ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ប្ដី​របស់​ស្ដ្រី​ខាងលើ បាន​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ហេ​ី​យ​ក៏​ធ្លាក់ខ្លួន​ឈឺ ទើប​នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​ខាងលើ​មិនដឹង​ថា ទៅ​រក​គ្រូទាយ​ឯណា​ទេ ? ដឹង​ថា ប្តី​របស់​ខ្លួន​ត្រូវ​អំពើ​លោក​(​ព្រះសង្ឃ​)​មួយ​អង្គ ទើប​បើករថយន្ត​ចូល​ទៅ​បាញ់​មេឃ​ចំនួន​២ គ្រាប់ ដើម្បី​គំរាម​លោក (​ព្រះសង្ឃ​) មួយ​អង្គ​តែ​ម្តង ៕