រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន​ម្នាក់ បាន​សម្លាប់​ខ្លួន ដោយ​លោត​ពីលើ​អគារ​ជាន់​ទី​៤ (​អគារ​ក្រសួងបរិស្ថាន​) ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អោម សេង​ហួរ អាយុ​៣១​ឆ្នាំ មាន​តួនាទី​ជា​នាយកដ្ឋាន​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​ ។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​មក​ធ្វើ​ការងារ​ធម្មតា គឺ​មិន​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ថា​គាត់​មានរឿង​អ្វី​នោះ​ទេ​។ លុះដល់​វេលា​ម៉ោង​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​លោត​ពីលើ​អគារ​ក្រសួងបរិស្ថាន ជាន់​ទី​៤ បណ្តាល់​ឲ្យ​ស្លាប់​បាត់បង់​ជីវិត គួរ​ឲ្យ​រន្ធត់​។ ភ្លាម​ៗ​នោះ ក៏​មាន​មន្ត្រី​បម្រើ​ការងារ​ផ្សេង​ទៀត បាន​នាំ​ផ្អើល​ឈូឆរ​នាំ​គ្នា​មក​មើល​ជន​រង​គ្រោះ ។

ក្រុម​មន្ត្រី​នគរបាល​ជំនាញ ដោយ​សហការ​ជាមួយ​មន្ត្រី​ក្រសួងបរិស្ថាន បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព និង​បញ្ជាក់​ថា​លោក អោម សេង​ហួរ ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​លោត ពីលើ​អគារ​ទីស្តីការ​ក្រសួងបរិស្ថាន​មែន ។ បើ​តាម​ប្រភព​ស្និ​ទ្ធិ​លោក អោម សេង​ហួរ ប្រាប់​ថា ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្ទាល់ខ្លួន ពោល​គឺ​លោក​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ខិតខំ​ព្យាបាល​ជា​ច្រើន​ឆ្នាំ​ហយ​តែ​មិនជា​សះស្បើយ ។

ពាក់ព័ន្ធ​នឹង​ការ​លោត​សម្លាប់​ខ្លួន​របស់​មន្ត្រី​រូប​នេះ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ​រួច​មក សព​ត្រូវ​បាន​គេ​បញ្ជូន​ចេញពី​បរិវេណ​ក្រសួងបរិស្ថាន ដែល​ជា​កន្លែង​កើតហេតុ​តាម​រយៈ​រថយន្ត​សា​ម៊ុ​យ ៕