ខេត្តកំពង់ឆ្នាំង ៖ អគារ3ខ្នង នៃសាលាបឋមសិក្សាយុគន្ធរ ស្ថិតក្នុងភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង កាលពីម៉ោង10និង30នាទីព្រឹក ថ្ងៃទី9 ខែមិថុនា ឆ្នាំ2019 ដោយសង្ស័យថា បណ្តាលមកពីផ្ទុះអាគុយរបស់ផ្ទាំងសឡា ។
លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានឱ្យដឹងថា សាលាបឋមសិក្សា យុគន្ធរ ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង ដោយមិនអាចជួយអ្វីបានទេ ហើយការឆេះនេះ ក៏មិនដឹងមូលហេតុឱ្យបានច្បាស់លាស់ដែរ តែសង្ស័យបណ្តាលមកពីអគ្គិសនីរបស់ផ្ទាំងសឡា ។
លោកមេឃុំបញ្ជាក់ថា នៅពេលកើតហេតុ គ្មានអ្វីជួយសង្គ្រោះបានទេ ព្រោះសូម្បីតែរថយន្តពន្លត់អគ្គិភ័យរបស់នគរបាល ក៏មិនអាចទៅជួយបានដែរ ព្រោះនៅត្រើយម្ខាងនៃទន្លេ ។
ដោយឡែកលោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌ បានដឹងថា អគ្គិភ័យនេះ គឺសង្ស័យបណ្ដាលមកពីផ្ទុះអាគុយរបស់ផ្ទាំងសឡា ដែលទើបនឹងដាក់បានប៉ុន្មានថ្ងៃមុនពេលកើតហេតុតែបណ្ណោះ នេះ បើយោងរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ ផ្អែកលើសាក្សីបំភ្លឺ ។