ភ្នំពេញ៖ ស្រីស្រស់សោភាវ័យក្មេងម្នាក់ ខូចចិត្តម្តាយស្តីបន្ទោសតិចតួច សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារចាស់ បង្កឲ្យមានការភ្ញាក់ផ្អើលតាំងពីម៉ោង៧យប់ថ្ងៃទី៧ ខែ មិថុនា រហូតដល់ម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ២០១៩ ទើបរករាវសពឃើញនៅក្រោមគល់ស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។

នារីលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ពិត ស្រីនិច អាយុ ២៤ឆ្នាំ មុខរបរជាងអ៊ុតសក់នៅសំណង់១២ ស្នាក់នៅផ្ទះសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីខាងលើខឹងម្តាយស្តីបន្ទាសតិចតួច តូចចិត្តបានសម្រេចចិត្តគិតខ្លីដោយជិះម៉ូតូកង់ពីម្តុំបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅលើស្ពានជ្រោយចង្វារចាស់ ។

ខណៈពេលជិះកង់បីឡើងដល់ពាក់កណ្តាលស្ពានបានចុះដើរទាំងយំសស្រាក់ ត្រូវបានអ្នកឃើញដើរយំបានសួរនាំបានបន្តិច ស្រាប់តែនាងបានលោតទឹកពីលើស្ពានលិចទៅបាត់តាំងពីម៉ោង៧យប់ ផ្អើលដល់សាច់ញាតិមកចោមរោមមើល និងបានជួលទូកជនជាតិឥស្លាមចំនួនគ្នា៦ទៅ៧នាក់ចុះរុករកក្នុងទន្លេទាំងយប់ ទើបរកសពឃើញនៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ។

តាមការយំរៀបរាប់របស់ម្តាយនារីលោតទឹកសម្លាប់ខ្លួនបាននិយាយប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃនេះកូនស្រីគាត់មួម៉ៅជេរគេជេឯឯរហូត នៅមុនពេលកើតហេតុគាត់គ្រាន់តែស្តីបន្ទោសបន្តិចបន្តួច ក៏ខឹងកើតរឿងចឹងតែម្តង ។
ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតទៅតាមប្រពៃណី ៕