ឥណ្ឌា៖ ក្មេងប្រុសម្នាក់ ឈ្មោះ Saroj បានលើកសពម្ដាយដាក់លើកង់ រួចបណ្ដើរទៅតាមផ្លូវដ៍វែងឆ្ងាយទាំងអារម្មណ៍កណ្ដោចកណ្ដែង ក្ដុកក្ដួល ព្រោះសោកស្ដាយបាត់បង់ម្ដាយ និងមិនមានអ្នកភូមិ ឬសាច់ញាតិមកជួយ ដោយសារតែជីវភាពគ្រួសារក្រខ្សត់ខ្លាំងពេក គ្មាននរណាមិនចង់រាប់រក។

សាកសពស្រ្តីជាម្ដាយ ឈ្មោះ Janki Sinhanana អាយុ៤៥ឆ្នាំ បានស្លាប់នៅពេលគាត់ទៅដងទឹក ហើយដួលបោកក្បាលទៅលើដី។ ប្តីទី២របស់គាត់ជាបុរសម្នាក់រស់នៅទីក្រុង Sundergarh នៃរដ្ឋ Odisha រៀបការជាមួយអ្នកស្រីកាលពី១០ឆ្នាំមុន ក៏បានស្លាប់បាត់ទៅហើយដែរ។ គាត់រស់នៅជាមួយកូនប្រុស និងកូនស្រីម្នាក់ ចាប់តាំងពីស្វាមីរបស់គាត់ស្លាប់ទៅ។
សពស្រ្តីអភ័ព្វត្រូវបានកូនប្រុសដាក់លើរានកង់ ហើយគ្របក្រណាត់ពីលើក្បាលដល់ចុងជើង និងដាក់ឈើទ្រាប់ពីក្រោម ដើម្បីងាយស្រួលក្នុងការដឹកបណ្ដើរ។

នៅពេលកូនប្រុសដឹកសពម្ដាយកាត់តាមភូមិ មិនមានអ្នកភូមិនានា អ្នកភូមិខ្លះនៅតាមដងផ្លូវឃើញ ក៏បានសួរក្មេងប្រុសនោះថា ឯងដឹកអ្វី? ក្មេងប្រុសដែលស្ថិតក្នុងសំលៀកបំពាក់ចាស់ៗប្រឡាក់សុទ្ធតែធូលី និងញើស មានកន្សែងគ្របក្បាល និងដើរដោយជើងទទេ បានឆ្លើយតបដោយសំឡេងខ្សាវៗវិញថា ខ្ញុំដឹកសពម្ដាយយកទៅបញ្ចុះនៅក្នុងព្រៃ តែគ្មាននរណាម្នាក់ជួយឈឺឆ្អាលអ្វិបន្តិចឡើយ។

ហេតុការណ៍គួរឲ្យសង្វេគនេះ ត្រូវបានសារព័ត៌មានក្នុង និងក្រៅស្រុកចុះផ្សាយយ៉ាងច្រើន។ ប្រទេសឥណ្ឌា ត្រូវបានគេដឹងថាមានបែងចែកវណ្ណៈអស់រយៈកាលជាង៣ពាន់ឆ្នាំហើយ។ វប្បធម៌ប្រកាន់វណ្ណៈនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមភូមិដាច់ស្រយាលជាច្រើនរហូតដល់សព្វថ្ងៃ ទោះរដ្ឋធម្មនុញ្ញឥណ្ឌាបានកែប្រែឲ្យឈប់រើសរើងវណ្ណៈចាប់តាំងពីឆ្នាំ១៩៥០មក ក៏ដោយ៕