ខេត្តកំពត ៖ បុរស២នាក់ ខណៈដែលកំពុងបើកម៉ូតូឌុបគ្នាធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តដឹកដី១គ្រឿងបើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិ៣ ចន្លោះបង្គោលគីឡូម៉ែត្រលលេខ១៤២-១៤៣ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹឈូ ។

រថយន្តបង្កម៉ាកនីស្សាន់ ជាប្រភេទរថយន្តបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ kP-0039 អ្នកបើកបររត់គេចខ្លួនបាត់ ។ ចំណែក ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ តាកែវ 1D-7070 បើកបរដោយឈ្មោះព្រំ វិច្ឆិការ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត (រងរបួសធ្ងន់) រួមដំណើរជាមួយឈ្មោះចេន រ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយខាងលើ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន មកបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់និងរបួសទាំង២នាក់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ទើបធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ព្រៃឃ្មុំ រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកអាល័យជាទីបំផុត៕