ខេត្តស្វាយរៀង៖ ជនសង្ស័យ១ក្រុមបានធ្វើសកម្មភាពដាក់ថ្នាំបំពុលឆ្កែរបស់ប្រជាពលរដ្ឋងាប់អស់ចំនួន៣ក្បាល រួចកាត់សោទ្វាររបង និងទ្វារបន្ទប់ ចូលលួចម៉ូតូមួយគ្រឿង ហើយបើកគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះងិន បុលគ្រី ភេទប្រុស អាយុ៣៣ឆ្នាំ បានឱ្យដឹងថា កាលពីល្បាលព្រលប់ មុនពេលកើតហេតុ គាត់និងប្រពន្ធ ព្រមទាំងបងប្អូនបានអង្គុយនិយាយគ្នាលេងនៅខាងក្រោមផ្ទះ រហូតដល់ម៉ោងជិត៩យប់ ទើបនាំគ្នាឡើងទៅដេកលើផ្ទះអស់។ លុះដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ គាត់បានងើបពីដំណេកចុះមកក្រោមផ្ទះ ដើម្បីបត់ជើង និងមើលទ្រព្យសម្បត្តិផង។ ស្រាប់តែពេលនោះ បានឃើញទ្វារបន្ទប់ក្រោមផ្ទះរបើក គាត់បានបើកទ្វារចូលទៅក្នុងបន្ទប់ ស្រាប់តែបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GX- 7167 ។

ជនរងគ្រោះបន្តថា ផ្ទះរបស់គាត់មានរបង និងចាក់សោយ៉ាងត្រឹមត្រូវ រីឯបន្ទប់នៅក្រោមផ្ទះដាក់ម៉ូតូ ក៏ចាក់សោដែរ ប៉ុន្តែក្រុមចោរបានបំពុលឆ្កែរបស់គាត់ងាប់ចំនួន៣ក្បាល ជាមុន ទើបពួកវាធ្វើសកម្មភាពកាត់សោទ្វាររបង និងទ្វារបន្ទប់លួចម៉ូតូរបស់គាត់បានសម្រេចបែបនេះ រហូតព្រឹកឡើង ទើបគាត់ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុ ធ្វើការពិនិត្យ និងធ្វើកំណត់ហេតុដើម្បីបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់៕