ភ្នំពេញ៖ មន្ត្រីពន្ធដាខណ្ឌចំការមនម្នាក់ ក្រោយចប់ម៉ោងធ្វើការ ត្រូវមិត្តភក្តិបបួលចូលក្លឹបកម្សាន្តមួយកន្លែង រហូតផឹកស៊ីស្រវឹងជោកជាំ ទើបត្រឡប់មកវិញ។ លុះដល់ជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ ក៏បានបុករថយន្តមួយគ្រឿង ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបស្ថានទូតរុស្ស៊ី។

ជនរងគ្រោះឈ្មោះនូ តូរីត អាយុ៣៣ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារ នៅសាខាពន្ធដាខណ្ឌចម្ការមន មានទីលំនៅផ្ទះលេខ១០៧ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ក្រោយចប់ម៉ោងធ្វើការ ជនរងគ្រោះ រួមនិងមិត្តភក្ដិ (ប្រុស៣ ស្រី១) បាននាំគ្នាចូលទៅផឹកស៊ីក្នុងក្លឹបកម្សាន្តមួយកន្លែងឈ្មោះ «EPIC» ដែលមានទីតាំងក្បែរស្ថានទូតរុស្ស៊ី រហូតដល់ម៉ោង១២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ទើបពួកគេបាននាំគ្នាចេញមកវិញ ហើយត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ប្រភេទម៉ូតូកូនទា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GM-១៣២១ តែម្នាក់ឯង។

ប្រភពបន្តថា លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូប៉ះជាមួយរថយន្តមួយគ្រឿង បណ្ដាលឲ្យរបួសរលាត់ដៃជើង តែបានធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែង។ តែពេលនោះ ជនរងគ្រោះមិនបានទៅមន្ទីរពេទ្យទេ ដោយបានទូរស័ព្ទហៅមិត្តភក្តិម្នាក់ ឲ្យជូនខ្លួនទៅរកកន្លែងដេកនៅផ្ទះសំណាក់។ លុះវេលាម៉ោង១០ និង៣០នាទីព្រឹក ជនរងគ្រោះចេះមានអាការ:វិលៗមុខ ទើបឲ្យមិត្តភក្តិដឹកតាមរថយន្តទៅកាន់គ្លីនិក ឡាសង់តេ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៦២ ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ ហើយជនរងគ្រោះសន្លប់លែងរហូត។ លុះក្រុមគ្រូពេទ្យធ្វើការពិនិត្យ ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបមិត្តភក្ដិជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ និងពិនិត្យឃើញថា ពិតជាមានរឿងហេតុដូចបានរៀបរាប់ខាងលើមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌទេ ។ សពជនរងគ្រោះសមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តចាក់អង្រែ ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕