ខេត្តព្រៃវែង ៖ យុវតីម្នាក់បានយកទូរស័ព្ទម៉ាក iPhone របស់ខ្លួនមកចុចលេងហ្វេសប៊ុកបណ្តើរ បញ្ចូលថ្មបណ្តើរ ស្រាប់តែពេលនោះ បានឆ្លងចរន្តអគ្គិសនីផ្ទុះទូរស័ព្ទ បណ្តាលឲ្យឆ្លក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល។

យុវតីរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពេលលេងហ្វេសប៊ុកដែលទូរស័ព្ទកំពុងតែបញ្ចូលថ្មនេះ មានឈ្មោះធី ស្រីពេជ្រ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះបានគេងនៅលើគ្រែក្រោមផ្ទះ ដោយបានចុចទូស័ព្ទលេងហ្វេសប៊ុក ខណៈដែលកំពុងបញ្ចូលថ្មផងដែរ។ ។ ស្រាប់តែពេលនោះ ក៏បានផ្ទុះទូរស័ព្ទហើយឆក់យុវតីរងគ្រោះ បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនិងមានហូរឈាមតាមមាត់ គួរឲ្យរន្ធត់ ត្រូវបានប្រជាពលរដ្ឋនៅទីនោះរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច័យសាកសពយុវតីរងគ្រោះ រួចបញ្ជាក់ថា យុវតីរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទដោតនឹងព្រីភ្លើង ហើយលេងទូរស័ព្ទបណ្តើរ សាកបណ្តើរ ធ្វើឲ្យក្តៅទូរស័ព្ទខ្លាំងពេក ក៏ផ្ទុះ បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់យុវតីរងគ្រោះស្លាប់តែម្តង។ សពយុវតីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕