ភ្នំពេញ៖ ស្ត្រីពោះ៣ខែម្នាក់ ក្រោយពីទិញភេសជ្ជ:ផឹកអស់១កំប៉ុង និងហូបពងទាកូន២គ្រាប់ ស្រាប់តែមានអាការៈរឹងថ្គាម ថប់ដង្ហើមសន្លប់បាត់មាត់ក ធ្វើឲ្យក្រុមគ្រួសារមានការភិតភ័យជាខ្លាំង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះជួលក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។

ស្រ្តីរងគ្រោះមានឈ្មោះចែត ចិន្តា អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ និងកំពុងមានផ្ទៃពោះ៣ខែ មានប្តីឈ្មោះនីម ធី អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខ មានកូន៣នាក់ (ប្រុស១ ស្រី២) មានស្រុកកំណើត ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងស្នាក់នៅចំណុចខាងលើ។

ប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា ស្រី្តរងគ្រោះកំពុងមានផ្ទៃពោះ៣ខែ។ មុនពេលកើតហេតុ ស្រ្តីរងគ្រោះត្អូញថា ហេវហត់អស់កម្លាំង រួចក៏ដើរទៅទិញភេសជ្ជ:១កំប៉ុងផឹក និងទិញពងទាកូនហូបអស់២គ្រាប់ ហើយបន្តិចក្រោយមក ស្រាប់តែស្រ្តីរងគ្រោះមានរឹងថ្គាម ថប់ស្ទះដង្ហើម សន្លប់ស្តូក ធ្វើឲ្យក្រុមគ្រួសារភិតភ័យជាខ្លាំង និងទូរស័ព្ទ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕