ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មានភ្លៀង១មេលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់ បណ្តាលឲ្យបាក់បង្គោលភ្លើងចំនួន១៦ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវ២ដើម នៅសង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីមានបង្គោលភ្លើងបាក់ជាច្រើនដើមមានលក្ខណៈទ្រុងទ្រាយធំបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង ក៏បានដើរទៅមើលគល់បង្គោលភ្លើងមួយកន្លែង ហើយគ្រាន់តែបានឃើញគល់បង្គោលភ្លើងដែលបាក់នោះនាំគ្នាគក់ទ្រូងហួសចិត្តជាខ្លាំង ព្រោះមិនឃើញដែក១សរសៃនៅក្នុងបង្គោលភ្លើងនោះសោះ ព្រមទាំងយកទូរស័ព្ទថត រួចបង្ហោះចែកចាយនៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោងព្រាត។

យោងតាមផេក អគ្គិសនីកម្ពុជា បានឲ្យដឹងថា ការបាក់បង្គោលភ្លើងនេះ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន រួមមាន ទី១-នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង ភូមិអង្គ ភូមិអង្គខាងលិច ភូមិកន្ទាក ភូមិអង្គកែវ និងភូមិស្ងួនពេជ្រ សង្កាត់កន្ទាក។ ទី២- ភូមិអង្កែវ សង្កាត់ចោមចៅ សង្កាត់កំបូល និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ទី៣-ឃុំបែកចាន ឃុំក្រាំងម្កាក់ និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ករណីនេះ ក្រុមការងារបច្ចេកទេស បានត្រួតពិនិត្យ ដើម្បីដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ឡើងវិញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕