ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ បានបើកគោយន្តកែច្នៃដឹកឈើ លុះពេលដល់ចំណុចផ្លូវចុះចំណោត ដោយសារតែដឹកឈើធ្ងន់ពេក ធ្វើឲ្យចាប់ហ្វ្រាំងមិនជាប់ ក៏បោកជាមួយដើមឈើ កៀបអ្នកបើក បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនគួរសង្វេគ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ។

ជនរងគ្រោះ មានឈ្មោះប៉ក់ ស៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។ បច្ចុប្បន្នស្នាក់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានបើកគោយន្តកែច្នៃដឹកឈើ ដោយមានអ្នកភូមិរួមដំណើរជាមួយចំនួន៥នាក់។ លុះមកដល់ចំណុចកើតហេតុ ជាផ្លូវចុះចំណោតអ្នករួមដំណើរជាមួយបានចុះដើរ នៅសល់តែជនរងគ្រោះតែប៉ុណ្ណោះ ។ លុះពេលបើកចុះ ដោយសារតែគោយន្តដឹកឈើធ្ងន់ពេក ធ្វើឲ្យចាប់ហ្វ្រាំងគោយន្តមិនជាប់ ទើបជនរងគ្រោះគាបជាប់ជញ្ជាំងគោយន្ត និងឈើស្លាប់តែម្តង។

ក្រោយកើតហេតុ អ្នករួមដំណើរជាមួយជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះអន្តរាគមន៍ និងពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយកៀបគោយន្តជាមួយឈើមែន មិនមានជាប់ពាក់នឹងករណីអ្វីផ្សេងទេ។ បន្ទាប់មក ក៏ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ យកទៅរៀបចំចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕