ខេត្តក្រចេះ៖ បុរសអាក្រាតកាយម្នាក់ ក្នុងដៃមានកាន់កាំបិត ពូថៅ និងដំបង បានចាប់វាយដំកូនអ្នកស្រុកអាយុ៣ឆ្នាំ រហូតសន្លប់បាត់បង់ស្មារតី ។ លុះពលរដ្ឋនៅទីនោះប្រទះឃើញ ក៏ផ្ទុះកំហឹងវាយបុរសអាក្រាតកាយខាងលើវិញ ម្នាក់១ដៃម្នាក់១ជើង បណ្តាលឲ្យរងរបួសធ្ងន់ដេកស្តូកស្តឹងនៅលើផ្លូវ គួរឲ្យសង្វេគ។ ករណីហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល។

ក្មេងប្រុសរងគ្រោះដែលត្រូវជនអាក្រាតកាយវាយរបួសធ្ងន់ មានឈ្មោះហាំ អារ៉វីន អាយុ៣ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម ជាកូនអ្នកភូមិ រស់នៅក្នុងភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល រងរបួសមានស្នាមរបួសដាច់លើផ្ទៃមុខធ្ងន់ និងសន្លប់បាត់ស្មារតីទៀត។ ចំណែក បុរសអាក្រាតកាយ មិនត្រូវបានស្គាល់ឈ្មោះទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានលេងនៅមុខផ្ទះតែម្នាក់ឯង ស្រាប់តែពេលនោះ លេចមុខបុរសអាក្រាតកាយខាងលើ ទាំងក្នុងដៃមានកាន់កាំបិត ពូថៅ និងដំបង បានមកវាយក្មេងរងគ្រោះរហូតសន្លប់បាត់បង់ស្មារតី ហើយជនដៃដល់បានរត់ឡើងទៅសំងំលើផ្ទះរបស់អ្នកភូមិ និងបម្រុងវាយម្ចាស់ផ្ទះទៀត ។ លុះបន្តិចក្រោយមក ជននេះបានលោតចុះពីលើផ្ទះអ្នកភូមិ ហើយត្រូវពលរដ្ឋឡោមព័ទ្ធចាប់បាន ព្រមទាំងបញ្ចេញកំហឹងម្នាក់១ដៃម្នាក់១ជើង បណ្តាលឲ្យបុរសអាក្រាតកាយខាងលើសន្លប់ដេកស្តូកស្តឹងនៅកន្លែងកើតហេតុ គួរឲ្យអាសូរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងបញ្ជូនបុរសរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក៕