ខេត្តកណ្តាល៖ យុវជនម្នាក់បានខ្ចីមេម៉ូរីពីយុវជនម្នាក់ទៀត តែមិនព្រមសងវិញសោះ លុះពេលយុវជនជាម្ចាស់មកទារ ក៏កើតមានជម្លោះនឹងគ្នា រហូតយុវជនជាម្ចាស់មេម៉ូរី ផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ជនរងគ្រោះ បណ្តាលឲ្យរយះក្បាលហូរឈាមកក្លាក់។ ករណីហិង្សានេះ បានកើតឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីនៅចំណុចរោងចាំចម្ការ ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ។

ជនរងគ្រោះឈ្មោះ ឃ្លាំង ថា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។ ចំណែក ជនដៃដល់ មានឈ្មោះចន ភ័ត្រា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅអង្គុយលេងនៅរោងចាំចម្ការរបស់ឈ្មោះបុល ណារិន ភេទប្រុស អាយុ២៣ឆ្នាំ (កន្លែងកើតហេតុ) លុះអង្គុយបានមួយសម្ទុះ ស្រាប់តែជនដៃដល់បានដើរមកអង្គុយលេងដែរ ហើយសួរទៅជនរងគ្រោះថា «អ្ហែងខ្ចីមេម៉ូរីរបស់អញយកមកឲ្យអញវិញភ្លាម»។ បន្ទាប់មក អ្នកទាំងពីរក៏ជជែកទាក់ពាក្យសំដីគ្នាយ៉ាងតឹងសរសៃក ធ្វើឲ្យជនដៃដល់ផ្ទុះកំហឹង ក៏បានទាញកាំបិតទៅកាប់លើជនរងគ្រោះចំពីក្រោយចំក្បាល បណ្តាលឲ្យមានស្នាមមុតហូរឈាមពេញខ្លួន ចំណែកជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះត្រូវ បានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យឃុំតាលន់ ដើម្បីព្យាបាលមុខរបួស ទើបមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ នាំមកចាត់ការតាមច្បាប់៕